(ម៉ិកស៉ីកូ)៖ រដ្ឋាភិបាលប្រទេសម៉ិកស៉ិក បានឱ្យដឹងថា មនុស្សយ៉ាងហោច២៩នាក់បានស្លាប់ ក្នុងនោះមានទាហាន១០នាក់ នៅក្នុងប្រតិបត្តិការ​ដើម្បីចាប់ខ្លួន កូនប្រុសរបស់ស្តេចគ្រឿងញៀនម៉ិកស៉ិក ចាគ្វីន ហ្គូសម៉ាន (Joaquin Guzman) ហៅ អែល ឆាប៉ូ (El Chapo) ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

កូនប្រុសរបស់ អែល ឆាប៉ូ ដែលមានឈ្មោះថា អូវីដ្យូ ហ្គូសម៉ាន (Ovidio Guzman) ហៅក្រៅ អែល រ៉ាតុន (El Raton) ត្រូវបានអាជ្ញាធរម៉ិកស៉ិក ​ចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅរដ្ឋស៉ីណាឡូអា (Sinaloa) ភាគខាងជើងប្រទេស រួចបញ្ជូនមកកាន់រដ្ឋធានីម៉ិកស៉ីកូ តាមយន្តហោះយោធា។ ការចាប់ខ្លួនលោក អែល រ៉ាតុន ដែលមានវ័យ៣២ឆ្នាំ គឺកើតមានឡើង ក្រោយកិច្ចប្រឹងប្រែងស៉ើបការណ៍ អស់រយៈពេល៦ខែ ដើម្បីតាមរករូបលោក ហើយឥឡូវ អែល រ៉ាតុន កំពុងស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារ ដែលមានសន្តិសុខដ៏តឹងរ៉ឹងបំផុតមួយ។

សមាជិកក្រុមឧក្រិដ្ឋជនគ្រឿងញៀន ស៉ីណាឡូអាខាតែល (Sinaloa Cartel) និងបក្ខពួក បានបង្កឱ្យផ្ទុះអំពើហិង្សានៅក្នុងទីក្រុងឃូលាខាន់ (Culiacan) ដែលជារដ្ឋធានីរបស់រដ្ឋស៉ីណាឡូអា ក្រោយការចាប់ខ្លួនលោក អែល រ៉ាតុន ដោយ​ពួកគេបានប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ ដុតបំផ្លាញយានយន្ត ហើយបិទខ្ទប់ផ្លូវធ្វើដំណើរ នៅពាសពេញរដ្ឋមួយនេះ។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង និងយន្តហោះទ័ពអាកាស២គ្រឿង ក៏បានរងការបាញ់ប្រហារផងដែរ នៅអាកាសយានដ្ឋានឃូលាខាន់ ខណៈដែលក្រុមស៉ីណាឡូអាខាតែល ប៉ុនប៉ងរំដោះលោក អែល រ៉ាតុន ប៉ុន្តែទទួលបរាជ័យ ហើយមិនបានបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។

យ៉ាងណាក្តី រដ្ឋមន្រ្តីការពារជាតិម៉ិកស៉ិក លោក ល្វីស ក្រេសិនស៉ីអូ សាន់ដូវ៉ាល់ (Luis Cresencio Sandoval) បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា ប្រតិបត្តិការចាប់ខ្លួន អែល រ៉ាតុន គឺបានបង្កឱ្យទាហាន១០នាក់ស្លាប់ ក្នុងពេលបំពេញបេសកកម្ម ហើយអ្នកបំពានច្បាប់ ១៩នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ខណៈ២១នាក់ត្រូវបានចាប់ខ្លួន។ រីឯកងទ័ព៣៥នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រាប់កាំភ្លើង។

គួរបញ្ជាក់ថា រដ្ឋស៉ីណាឡូអា គឺជាទឹកដីរបស់ក្រុមស៉ីណាឡូអាខាតែល ដែលពីមុនមកស្ថិតនៅក្រោមការគ្រប់គ្រង របស់លោក អែល ឆាប៉ូ មុនពេលស្តេចគ្រឿងញៀនម៉ិកស៉ិករូបនេះ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៦ និងត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នកំពុងស្ថិតក្រោមការជាប់ពន្ធនាគារអស់មួយជីវិតនៅទីនោះ៕