(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសចេញនូវទណ្ឌកម្មថ្មីទៀត ដែលមានគោលដៅលើអ្នកផ្គត់ផ្គង់យន្តហោះដ្រូនអ៉ីរ៉ង់ ដែលទីក្រុងវ៉ាស៉ីនតោនអះអាងថា ត្រូវបានប្រើប្រាស់ដោយរុស្ស៉ីក្នុងការវាយប្រហារទៅលើ ហេដ្ឋារចនាសម្ព័ន្ធស៉ីវិលរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើនាយកផ្នែកក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាល​សរុបចំនួន ៦នាក់របស់ក្រុមហ៊ុនឈ្មោះ QAI ដែលក្រសួងពិពណ៌នាថា ជាក្រុមផលិតសព្វាវុធដ៏សំខាន់មួយរបស់អ៉ីរ៉ង់ ដែលមានតួនាទី​រចនា​​និងផលិតយន្តហោះដ្រូន។ ក្រុមហ៊ុននេះផ្ទាល់ បានស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក តាំងតែពីឆ្នាំ២០១៣មក។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក ចាណេត យេលែន (Janet Yellen) បានថ្លែងថា «យើងនឹងបន្តប្រើប្រាស់មធ្យោបាយដែលពួកយើងមាន ដើម្បីព្យាយាមរារាំងលោក ពូទីន ពីការប្រើប្រាស់អាវុធដែលលោកកំពុងប្រើ ក្នុងសង្រ្គាមដ៏យង់ឃ្នងនៅអ៊ុយក្រែន»។ ចំណាត់ការនា​ថ្ងៃសុក្រនេះ នឹងបង្កទ្រព្យសម្បត្តិទាំងឡាយនៅអាមេរិករបស់បុគ្គល ដែលជាប់ទណ្ឌកម្មទាំងនោះ ហើយហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យ​ធ្វើទំនាក់ទំនងអាជីវកម្មជាមួយពួកគេឡើយ។

គួរបញ្ជាក់ថា កន្លងមក សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុននិងបុគ្គលដទៃទៀត ដែលខ្លួនចោទថាបានផលិតឬផ្ទេរ យន្តហោះដ្រូនរបស់អ៉ីរ៉ង់​ឱ្យទៅរុស្ស៉ី ដែលត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។ ទីក្រុងតេហេរ៉ង់បានទទួលស្គាល់អំពីការបញ្ជូនដ្រូនឱ្យរុស្ស៉ី ប៉ុន្តែអះអាងថាវាបានកើតឡើង មុនសង្រ្គាមឈ្លានពានដែលផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ខណៈទីក្រុងមូស្គូប្រកែកថា ខ្លួនមិនបានប្រើប្រាស់ពួកវានៅអ៊ុយក្រែននោះទេ៕