(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អ៊ុយក្រែន បានទាត់ចោលបទឈប់បាញ់ឯកតោភាគីរយៈពេល៣៦ម៉ោងប្រកាសដោយរុស្ស៉ី ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រនេះ ខណៈមេដឹកនាំសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយថាពួកគេកំពុងបញ្ជូនរថពាសដែកប្រយុទ្ធឱ្យទីក្រុងកៀវ។

២៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ជាផ្នែកមួយដែលទីក្រុងវ៉ាស៊ីនតោនហៅថា សកម្មភាពទូទៅជាទម្លាប់ធម្មតា ប៉ុន្តែតែងតែធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក។

៣៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោយសង្រ្គាមរយៈពេលជាង ១០ខែមកនេះ និងការបាត់បង់កងទ័ពរាប់ពាន់នាក់បានបង្ខំឱ្យប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះ។

៤៖ អតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី ម៉េដវេដេវ បានព្រមានថាសហរដ្ឋអាមេរិកថាមីស៊ីលល្បឿនលឿនជាងសំឡេងនឹងទៅដល់មាត់សមុទ្ររបស់ NATO ឆាប់ៗនេះបន្ទាប់ពី ស្ថានទូតអាមេរិកបាននិយាយនៅក្នុងវីដេអូមួយ ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនរុស្ស៉ីដែលប្រឆាំងនឹងសង្រ្គាមឈ្លានពានអ៊ុយក្រែន។

៥៖ ដោយដកស្រង់ពីជីវប្រវត្តិដែលនឹងបោះពុម្ពក្នុងពេលឆាប់ៗនេះ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានចុះផ្សាយថា ព្រះអង្គម្ចាស់ហារី (Harry) បានទទួលស្គាល់ពីការសម្លាប់មនុស្សចំនួន ២៥នាក់នៅប្រទេសអាហ្វាហ្កានីស្ថាន អំឡុងពេលដែលទ្រង់ធ្វើជាពីឡុតបើកបរឧទ្ធម្ភាគចក្រឲ្យក្រុមហ៊ុន Apache។

៦៖ ខ្យល់ព្យុះមកពីតំបន់ប៉ាស៊ីហ្វិកបានបក់បោកបក់យ៉ាងខ្លាំង ដែលនាំមកនូវភ្លៀងធ្លាក់ជោគជាំ និងព្រិលធ្លាក់ នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចូលដល់ថ្ងៃទី ២ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិ) ដោយបានផ្តាច់ចរន្តអគ្គិសនី សម្រាប់ផ្ទះរាប់ម៉ឺនខ្នង និងរំខានដល់ការធ្វើដំណើរតាមដងផ្លូវ ជាមួយនឹងទឹកជំនន់ភ្លាមៗ បាក់ផ្ទាំងថ្ម និងដើមឈើដួលរលំ៕