(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះបាននិយាយថានៅក្នុងចំណោមអ្នកទោសជាង ៧,០០០នាក់ ដែលទទួលបានការលើកលែងទោសពីរបបយោធាមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍នេះ មានប្រហែលជា ៣០០នាក់ជាអ្នកទោសនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

យោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារយោធាដណ្ដើមអំណាចកាលពីជាង២ឆ្នាំមុន បានប្រកាសកាលពីថ្ងៃពុធសប្ដាហ៍នេះថាខ្លួននឹងដោះលែងអ្នកទោស ៧,០១២នាក់ នាឱកាសនៃការប្រារព្ធខួប លើកទី៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់មីយ៉ាន់ម៉ា ដោយមិនបញ្ជាក់លម្អិតថាតើការលើកលែងទោសនេះបានគ្របដណ្ដប់លើអ្នកដែលត្រូវបានចាប់ខ្លួន អំឡុងការបង្ក្រាបលើក្រុមបាតុករ ដែរឬក៏យ៉ាងណានោះទេ។

ប៉ុន្តែ អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Jeremy Laurence បានឱ្យដឹងថាអ្នកទោសនយោបាយក៏ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានដោះលែងផងដែរ។ លោក Laurence បានគូសបញ្ជាក់ដូច្នេះថា «មានអ្នកមនុស្សជាង៣០០នាក់ គឺជាអ្នកទោសនយោបាយ»។ លោកបន្ថែមថាមកទល់នឹងពេលនេះ មនុស្ស១៩៥នាក់ ក្នុងចំណោមអ្នកទាំងនេះត្រូវបាន ផ្ទៀងផ្ទាត់ ថាពិតជាអ្នកទោសនយោបាយពិតប្រាកដ។

គួរបញ្ជាក់ថា បើតាមក្រុមអង្គការសង្គមស៊ីវិល មនុស្សជិត ១៧,០០០នាក់ ត្រូវបានចាប់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១ រីឯ លោក Laurence ក៏បានអះអាងដែរថាមនុស្សច្រើនជាង ១៣,០០០នាក់ កំពុងជាប់ឃុំនៅឡើយ៕