(មូស្គូ)៖ អ៊ុយក្រែនបានទាត់ចោលលើសំណើរុស្ស៊ី ដែលស្នើរកការឈប់បាញ់គ្នារយៈពេល៣៦ម៉ោង។ ព្រះវិហារ Orthodox របស់រុស្ស៊ី ត្រូវគេរាយការណ៍ថា បានស្នើរកការឈប់បាញ់គ្នាបណ្តោះ អាសន្នក្នុងពិធីបុណ្យ Orthodox Christmas ថ្ងៃទី៦ និង៧ ខែមករា និងបានស្នើរកការផ្អាកបាញ់ទាំងស្រុងថែមទៀតក្នុងសង្គ្រាមនៃប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអំពាវនាវរកការឈប់បាញ់គ្នាលើទឹកដីអ៊ុយក្រែន រយៈពេល៣៦ម៉ោងដើម្បីប្រជាជននៃប្រទេសទាំង២ អាចប្រារព្ធបុណ្យ Orthodox Christmas ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនបានទាត់ចោល នូវសំណើនោះ និងចាត់ទុកថាវាជាល្បិចដ៏ពិសពុល។

បុណ្យគ្រីស្មាស់ ជាធម្មតាត្រូវបានអ្នកប្រកាន់សាសនាលទ្ធិយេស៊ូគ្រឹស្ត្រ ប្រារព្ធធ្វើនៅថ្ងៃទី២៥ ខែធ្នូ ទូទាំងពិភពលោក ប៉ុន្តែចំពោះអ្នកប្រកាន់លទ្ធិនៃព្រះវិហារ Orthodox បានជ្រើសយកថ្ងៃ ៧ ខែមករា ធ្វើជាថ្ងៃបុណ្យគ្រីស្មាស់របស់ពួកគេវិញ។ ជនជាតិរុស្ស៊ី និងអ៊ុយក្រែន ដែលគេជឿថាជា ពលរដ្ឋចេញមកពីប្រភពតែមួយ តែងប្រារព្ធធ្វើបុណ្យ Orthodox Christmas មិនដែលខកខាន ឡើយ ប៉ុន្តែឆ្នាំ២០២៣ ដែលកំពុងមានសង្គ្រាមក្នុងទឹកដីអ៊ុយក្រែននេះ ព្រះវិហារ Orthodox របស់រុស្ស៊ី ត្រូវអ៊ុយក្រែនចាត់ទុកថាជាព្រះវិហារដែលមានទំនោរលំអៀងទៅរុស្ស៊ីដែលអ៊ុយ ក្រែនស្អប់ខ្ពើមនិងខឹងសំបារ។

ព្រះវិហារ Orthodox របស់រុស្ស៊ី ត្រូវអ៊ុយក្រែននិយាយចោទថាថែមទាំងបានជំរុញឱ្យរុស្ស៊ីធ្វើសង្គ្រាមដាក់លើទឹកដីអ៊ុយក្រែនទៀត។ សេចក្តីរាយការណ៍របស់ The Guardian បានថ្លែងថា ការប្រកាសរកឈប់បាញ់គ្នា ៣៦ម៉ោងរបស់លោកពូទីននោះ គឺនៅ បន្ទាប់ពីការអំពាវនាវរបស់ព្រះវិហារ Orthodox របស់រុស្ស៊ី ដែលស្វែងរកការបញ្ឈប់បាញ់គ្នាបណ្តោះអាសន្នដើម្បីពិធីបុណ្យ Orthodox Christmas ផង និងការស្នើរកការផ្អាកបាញ់គ្នាទាំងស្រុងថែមទៀត។

លោក ពូទីន ត្រូវបានគេដកស្រង់សម្តីដែលបានដាក់បញ្ជាឱ្យកងទ័ពរុស្ស៊ីលើសមរភូមិគ្រប់មុខ ព្រួញទាំងអស់ ត្រូវធ្វើការឈប់បាញ់ចាប់ពីពាក់កណ្តាលថ្ងៃត្រង់ថ្ងៃសុក្រ ទី៦ ខែមករា ដែលជាការ ឆ្លើយតបមួយចំពោះស្តេចសង្ឃ Kirill ដែលជាសង្ឃកំពូលនៃព្រះវិហារ Orthodox Church របស់រុស្ស៊ី។ លោក ពូទីន បាននិយាយថាលោកសូមអំពាវនាវដល់ភាគីអ៊ុយក្រែនសូមប្រកាស ការឈប់បាញ់ដូចគ្នា ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋបានចូលរួមចាប់តាំងពីមួយ ថ្ងៃមុនបុណ្យដំបូង Christmas Eve នោះទៅរហូតដល់ថ្ងៃ Christmas បញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
ប៉ុន្តែព្រះវិហារ Orthodox Church របស់អ៊ុយក្រែនបានបដិសេធមិនធ្វើតាមអ្វីដាក់ចេញដោយព្រះវិហារ Orthodox Church របស់រុស្ស៊ីឡើយ។ សេចក្តីរាយការណ៍និយាយថាអ្នកជឿជាច្រើន លើព្រះវិហារ Orthodox Church របសអ៊ុយក្រែនពេលនេះបានកំណត់យកថ្ងៃទី២៥ ខែធ្នូធ្វើជាពិធីគ្រីស្មាសរបស់ខ្លួនវិញ ជាពិសេសក្រោយពេលដែលរុស្ស៊ី និងអ៊ុយក្រែនមានភាពប្រឈមជា សត្រូវដាក់គ្នានោះមក។

នេះគឺជាលើកទី១ហើយ ចាប់តាំងពីមានសង្គ្រាមក្នុងអ៊ុយក្រែន ដែលរុស្ស៊ីបានដាក់សំណើរកការឈប់បាញ់គ្នា ប៉ុន្តែសំណើនោះត្រូវបានទាត់ចោលដោយអ៊ុយក្រែន។ សំណើរកការឈប់បាញ់គ្នា ៣៦ម៉ោងនេះ បានស្ថិតក្នុងស្ថានភាពដែលទាហានអ៊ុយក្រែនកំពុងធ្វើការវាយលុកដណ្តើមយកទឹកដីរបស់ខ្លួនវិញពីតំបន់ភាគខាងកើត និងខាងត្បូងដែលរុស្ស៊ី បានគ្រប់គ្រងជាទឹកដីរណប។ ការវាយលុករបស់ទាហានអ៊ុយក្រែនដែលមានការជួយផ្តល់ អាវុធទំនើប, គ្រាប់រំសេវ និងជំនួយសេដ្ឋកិច្ចយ៉ាងពេញដោយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចជាបន្តបន្ទាប់មកនេះ បាន និងកំពុងលើកទឹកចិត្តទាហានអ៊ុយក្រែនប្រយុទ្ធមិនខ្លាចបាត់បង់ជីវិតឡើយ។ សេចក្តីរាយការណ៍បង្ហាញថាទាហានអ៊ុយក្រែនមានប្រៀបលើទាហានរុស្ស៊ីលើសមរភូមិក្នុងពេលបើកការវាយលុក ដណ្តើមទឹកដីភាគខាងកើត និងខាងត្បូង ប្រទេសអ៊ុយក្រែន។

សំណើឈប់បាញ់៣៦ម៉ោងជាឯកតោភាគីនេះ ត្រូវអ៊ុយក្រែនចាត់ទុកថា ជាការចង់រារាំងការធ្វើដំណើររុលទៅមុខរបស់ទាហានអ៊ុយក្រែននៅលើសមរភូមិ និងជាការដែលរុស្ស៊ីទំនងត្រូវការពេលវេលា ដើម្បីរៀបកងទ័ពរបស់ខ្លួនសាឡើងវិញ។ មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គី បានថ្លែងនៅយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមករាថា រុស្ស៊ីចង់ប្រើលេសនៃការឈប់បាញ់គ្នាដើម្បីរកការបញ្ឈប់ ទាហានអ៊ុយក្រែនមិនឱ្យធ្វើដំណើររំដោះទឹកដី Donbas របស់ខ្លួនវិញ។ មន្ត្រីទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានថ្លែងថាព្រះវិហារ Orthodox Church របស់រុស្ស៊ី មិនមែនជាអាជ្ញាធររបស់ព្រះវិហារ Orthodox ពិភពលោកនោះទេ។ លោកបានថ្លែងចោទប្រកាន់ថាព្រះវិហារ Orthodox Church របស់រុស្ស៊ីជួយតែបង្កើតអំពើប្រល័យពូជសាសន៍ដល់អ៊ុយក្រែន, ញុះញង់ការសម្លាប់មនុស្សនិងជួយលើក និងបង្កើនឥទ្ធិពលយោធារបស់រុស្ស៊ី។ មន្ត្រីអ៊ុយក្រែនដដែលចោទថាព្រះវិហារ Orthodox Church របស់រុស្ស៊ីដែលស្នើរកការឈប់បាញ់គ្នាគឺ អន្ទាក់ដ៏ពិសពុល និងជាឧបករណ៍ឃោសនាឱ្យរុស្ស៊ីតែប៉ុណ្ណោះ។

សំណើរបស់លោក ពូទីន រកការឈប់បាញ់៣៦ម៉ោងនេះ សូម្បីតែប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានថ្លែងដាក់ការសង្ស័យផងដែរដែលគេមិនជឿថាវាជាភាពស្មោះត្រង់របស់រុស្ស៊ីនោះ ឡើយ។ លោក ចូ បៃដិន បានថ្លែងថាលោកពូទីនប្រហែលជាព្យាយាមស្វែងរកជំនួយថ្មីណាមួយ។ ការស្នើរកកិច្ចឈប់បាញ់គ្នានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ទី៦ និងទី៧ ខែមករា បានធ្វើឡើងខណៈពេល ដែលមានការកត់សម្គាល់ថារុស្ស៊ីមិនដែលបានទុកពេលវេលាវាយប្រហារក្នុងយុទ្ធសាស្ត្ររដូវរងាឱ្យមានភាពទំនេរនោះឡើយ សូម្បីតែបុណ្យគ្រីស្មាស់ថ្ងៃ២៥ ខែធ្នូ និងថ្ងៃដំណាច់ឆ្នាំសកល២០២២។
មួយថ្ងៃមុនបុណ្យគ្រីស្មាស់គឺនៅថ្ងៃទី២៤ ខែធ្នូ និងច្រើនថ្ងៃមុនបុណ្យឈានចូលឆ្នាំសកលឆ្នាំ២០២៣, ពលរដ្ឋអ៊ុយក្រែនខ្លះ ត្រូវគេរាយការណ៍ថាបានរំពឹងរកការឈប់បាញ់គ្នាដើម្បីការប្រារព្ធពិធី ប្រពៃណីសាសនាគ្រឹស្ត ប៉ុន្តែរុស្ស៊ីបានយកថ្ងៃដ៏រីករាយនោះធ្វើការវាយប្រហារជាបន្តនៃយុទ្ធសាស្ត្ររដូវរងារលើសត្រូវ។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ រុស្ស៊ីបានបាញ់មីស៊ីល និងប្រើដូ្រនអត្តឃាតបាញ់ស្រោចដាក់លើក្រុង Kherson និងបណ្តាក្រុងរបស់អ៊ុយក្រែនដែលមានចំនួន៧៤លើកបណ្តាលឱ្យមនុស្ស ១០នាក់បានស្លាប់ និង៥៨ នាក់ដទៃទៀតបានរងរបួស។ ក្រៅពីការខូចខាតអគារដែលមានមនុស្សរស់នៅ រថយន្តប្រមាណ៦៦គ្រឿងទៀតត្រូវបានឆេះខ្ទេចខ្ទី។ រុស្ស៊ីបានធ្វើការបាញ់ស្រោច គ្រាប់មីស៊ីល និងដ្រូនជាបន្តនៅថ្ងៃទី២៩ ខែធ្នូ, ទី៣០ ខែធ្នូ, ទី៣១ ខែធ្នូ និងក្នុងពេលរំលងអាធ្រាត្រឈានចូលថ្ងៃដំបូងនៃឆ្នាំសកលថ្មី។ ទូរទស្សន៍អ៊ុយក្រែន បានបញ្ជាក់ថាក្នុងរយៈពេលតែ២ថ្ងៃ គឺថ្ងៃទី៣០ និងទី៣១ ខែធ្នូ គេបានបាញ់ទម្លាក់ដ្រូនរុស្ស៊ីចំនួន ៨៤ គ្រឿងដោយប្រព័ន្ធការពារអាកាស។ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានថ្លែងដាក់ការសង្ស័យ ថារុស្ស៊ីអាចចង់ប្រើប្រាស់ពេលវេលាឈប់បាញ់គ្នានោះ ធ្វើការវាយប្រហារ ឬពង្រឹងកម្លាំងខ្លួនឡើង វិញដើម្បីធ្វើការវាយប្រហារជាចុងក្រោយ។

សំណើស្វែងរកការឈប់បាញ់៣៦ម៉ោងរបស់រុស្ស៊ី បានធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍មួយក្នុងពេលអបអរសាទរដំណាច់ឆ្នាំសកល២០២២ ដែលមានទាហានរុស្ស៊ីបានជួបជុំគ្នាក្នុងអគារមួយ នៅក្រុង Makiivka នៃខេត្តដូណេតស៍ ត្រូវបានអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិក HIMARS បានចំគោលដៅបណ្តាលឱ្យមានទាហានរុស្ស៊ីស្លាប់៨៩នាក់។ ការវាយប្រហារនេះ បានបង្កការខឹងសម្បារ ជាខ្លាំងក្នុងរង្វង់សាធារណមតិរុស្ស៊ីដែលខ្លះជំរុញឱ្យលោកពូទីនធ្វើការសងសឹក និងខ្លះបានខឹងចំពោះសមត្ថភាពមេបញ្ជាការប្រយុទ្ធរបស់រុស្ស៊ីលើសមរភូមិ ដែលមិនអាចការពារជីវិតទាហានរុស្ស៊ី ក្នុងពេលជួបជុំគ្នាក្នុងពិធីសាសនាជាទម្លាប់លើទឹកដីរបស់ខ្លួនគ្រប់គ្រង ដែលមិនមែនជាការប្រយុទ្ធនៅលើសមរភូមិនោះឡើយ៕