(ប៉េកាំង)៖ នាព្រឹកថ្ងៃទី៦ ខែមករា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាការងារជាមួយលោក Serdar Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថានដែលកំពុងបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានប្រកាសថា នឹងលើកកម្ពស់ទំនាក់ទំនងចិន-តួកមេនីស្ថានឱ្យឡើងដល់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរក្នុងវិស័យនានា និងគ្រប់ស្រទាប់ជាន់ថ្នាក់ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិ បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីពង្រឹងមូលដ្ឋានមតិសាធារណៈក្នុងសង្គមដែលបន្តអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យបានល្អប្រសើរ។

លោក Xi Jinping បានគូសបញ្ជាក់ថា យន្តការសហប្រតិបត្តិការ «ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥» គឺជាយន្តការថ្មីសម្រាប់ប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីកណ្តាល។
ភាគីចិនមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យទាក់ទង និងកិច្ចសម្របសម្រួលជាមួយភាគីតួកមេនីស្ថាន ដើម្បីរៀបចំឱ្យបានល្អនូវកិច្ចប្រជុំកំពូល «ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥» លើកដំបូង។

ជាការឆ្លើយតប លោក Berdimuhamedov បានថ្លែងថា ប្រទេសតួកមេនីស្ថានមានឆន្ទៈ ក្នុងការបង្កើនការបំពេញទស្សនកិច្ចគ្នា និងការប្រាស្រ័យទាក់ទងទៅវិញទៅមកជាមួយភាគីចិន ធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម។ ភាគីតួកមេនីស្ថានសូមវាយតម្លៃខ្ពស់និង គាំទ្រដោយពេញទំហឹងចំពោះយន្តការសហប្រតិបត្តិការ «ចិន + ប្រទេសអាស៊ីកណ្តាលទាំង ៥»

វិទ្យុមិត្តភាពកម្ពុជាចិន