(ប៉េកាំង)៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Marcos ប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិននៅទីក្រុងប៉េកាំង។ ប្រមុខរដ្ឋទាំងពីររូបបានកត់សម្គាល់លើសារសំខាន់ នៃទំនាក់ទំនងចិននិងហ្វីលីពីនចំពោះគ្នាទៅវិញទៅមក បានឯកភាពគ្នាឱ្យរក្សាការប្រាស្រ័យទាក់ទងផ្នែកជាយុទ្ធសាស្ត្រជាប្រចាំ ហើយបានឈានដល់មតិឯកភាពដ៏សំខាន់ ស្តីពីការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យស៊ីជម្រៅ និងដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យជាដើម។

ក្នុងនាមជាប្រទេសជិតខាង ចិននិងហ្វីលីពីនមានប្រវត្តិសាស្ត្រទំនាក់ទំនងដ៏មេត្រីភាពរយៈពេលជាង១ពាន់ឆ្នាំមកហើយ។ ក្នុងមួយរយៈពេលកន្លងមក ទំនាក់ទំនងចិននិងហ្វីលីពីនធ្លាប់បានជួបការលំបាកខ្លះៗ ប៉ុន្តែក្រោមការខិតខំប្រឹងប្រែងរួមគ្នា របស់ភាគីទាំងពីរ ទំនាក់ទំនងចិននិងហ្វីលីពីនបានវិលត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ដ៏ល្អប្រសើរឡើងវិញក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទទួលបានសមិទ្ធផលកិច្ចសហប្រតិបត្តិការជាផ្លែផ្កាជាឈប់ឈរ។ និន្នាការបែបនេះបានមកដោយមិនងាយទេ ដែលគួរឱ្យភាគីទាំងពីររួមគ្នាថែរក្សានិងឱ្យតម្លៃទ្វេដង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងហ្វីលីពីន បានបញ្ចេញនូវភាពរស់រវើកដ៏អស្ចារ្យ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ជាប្រភពនាំចូលដ៏ធំបំផុត និងជាគោលដៅនាំចេញដ៏ធំទី២របស់ហ្វីលីពីន។ ភាគីទាំងពីរបានកំណត់វិស័យសហប្រតិបត្តិការសំខាន់ៗចំនួន៤ ដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងវប្បធម៌មនុស្សជាតិ។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ភាគីចិនបានតភ្ជាប់ប្រកបដោយ ប្រសិទ្ធភាពជាមួយនឹងគំនិត "កសាងបន្ថែមទៀត កសាងឱ្យកាន់តែប្រសើរ" របស់ហ្វីលីពីន ហើយបានអនុវត្តគម្រោងសហប្រតិបត្តិការអន្តររដ្ឋាភិបាលជិត៤០គម្រោង។ លើកនេះ លោកMarcosប្រធានាធិបតីហ្វីលីពីនបានធ្វើទស្សនកិច្ចនៅប្រទេសចិនដោយដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទ្រង់ទ្រាយធំ វាអាចបញ្ជាក់យ៉ាងពេញលេញថា ភាគីហ្វីលីពីនយកចិត្តទុកដាក់កម្រិតខ្ពស់ ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន។

ក្នុងជំនួបពិភាក្សាការងារ ភាគីចិនបានលើកឡើងថា រីករាយជួយភាគីហ្វីលីពីនក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ បង្កើតគម្រោងល្បីឈ្មោះនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកសិកម្ម ជំរុញយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់គ្នា រីករាយបន្តពង្រីកទំហំនាំចូលផលិតផលកសិកម្ម និងនេសាទប្រកបដោយគុណភាពល្អរបស់ហ្វីលីពីន ក៏ដូចជាគាំទ្រសហគ្រាសចិនទៅវិនិយោគនៅប្រទេសហ្វីលីពីន។ វិធានការទាំងនេះនឹងគាំទ្រយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ហ្វីលីពីន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានភាពកាន់តែជិតស្និទ្ធថែមទៀត។

បញ្ហាសមុទ្រចិនខាងត្បូងជាបញ្ហាដែលមិនអាចជៀសវាងបានក្នុងទំនាក់ទំនងចិននិងហ្វីលីពីន។ ក្នុងជំនួបពិភាក្សាការងារលើកនេះ ភាគីចិនបានស្នើថា រីករាយរួមជាមួយភាគីហ្វីលីពីន បន្តដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានសមរម្យ តាមរយៈរបៀបពិគ្រោះពិភាក្សាដោយមេត្រី ចាប់ដំណើរការឡើងវិញនូវការចរចាអំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិនៅក្នុងតំបន់ដែលគ្មានវិវាទ។ ភាគីហ្វីលីពីនបានឆ្លើយតបយ៉ាងសកម្មថា រីករាយរួមជាមួយភាគីចិន ដើម្បីចាប់ដំណើរការឡើងវិញនូវការពិគ្រោះពិភាក្សា អំពីការអភិវឌ្ឍប្រេងនិងឧស្ម័នធម្មជាតិ។

អ្នកវិភាគមួយចំនួនបានចង្អុលបង្ហាញថា ចំពោះបញ្ហាវិវាទលើដែនសមុទ្រ បើចិននិងហ្វីលីពីនប្រកាន់ខ្ជាប់ នូវមតិឯកភាពដែលមានស្រាប់ ហើយធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ នោះផ្លូវអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែទូលំទូលាយ។ យើងមានហេតុផលអាចជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងហ្វីលីពីននឹងផ្តោតសំខាន់លើចរន្តសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព ដោះស្រាយវិវាទឱ្យបានសមរម្យ ធ្វើឱ្យសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន អាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជានឹងរួមចំណែកកម្លាំងវិជ្ជមានកាន់តែច្រើន ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

វិទ្យុមិត្តភាពកម្ពុជាចិន