(មូស្គូ)៖ ស្ថានីយទូរទស្សន៍រដ្ឋរុស្ស៉ីបានឱ្យដឹងថា បទឈប់បាញ់ឯកតោភាគីដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសដាក់ចេញនោះ គឺបានចូលជាធរមានហើយកាលពីវេលាម៉ោង៤៖០០នាទីរសៀលថ្ងៃសុក្រនេះ ដែលត្រូវនឹងម៉ោង ១២៖០០ថ្ងៃត្រង់ក្នុងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ស្ថានីយទូរទស្សន៍រុស្ស៉ី First Channel បានរាយការណ៍យ៉ាងដូច្នេះថា «នាវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ ការអនុវត្តបទឈប់បាញ់បាន​ចាប់ផ្តើមហើយនៅទូទាំងសមរភូមិជួរមុខ ហើយវានឹងបន្តរហូតដល់ផុតថ្ងៃទី៧ ខែមករា»។ កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានប្រកាសជាឯកតោភាគីពីបទឈប់បាញ់នាឱកាស «ថ្ងៃបុណ្យណូអែលអូតូដុក» ត្រូវនឹងថ្ងៃទី៦-៧ ខែមករា សម្រាប់រយៈពេល ៣៦ម៉ោង។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់ឯកភាគីនេះ ដោយចាត់ទុកថាវាជាល្បិចមួយរបស់រុស្ស៉ី ដើម្បីប្រមូលផ្តុំកម្លាំងឡើងវិញ និងដើម្បីបង្អាក់ភាពរីកចម្រើនរបស់ទាហានអ៊ុយក្រែន តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការបដិសេធខាងលើរបស់ទីក្រុងកៀវ គឺបន្ទាប់ពីអ៊ុយក្រែនបានប្រារព្ធពិធីបុណ្យណូអែលកាតូលិក កាលពីថ្ងៃទី២៥ ខែធ្នូ ព្រមទាំងអបអរឱកាសឆ្លងឆ្នាំសកល ក្រោមការវាយប្រហារតាមផ្លូវអាកាសឥតឈប់ពីកងកម្លាំងរុស្ស៉ី។ សង្រ្គាមនៅអ៊ុយក្រែន នឹងឈានដល់គម្រប់ខួប១ឆ្នាំហើយ នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខ៕