នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៉ិដា ត្រូវបានអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន (Video inside)
06-01-2023 16:39
(តូក្យូ)៖ មន្រ្តីនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៉ិដា (Fumio Kishida) ត្រូវបានអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។
ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោកហ៉ីរ៉ូកាហ៊្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានប្រាប់សន្និសីទសារព័ត៌មានឲ្យដឹងថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ឌ្រី យឺម៉ាក (Andriy Yermak) បានផ្ញើរលិខិតអញ្ជើញទៅកាន់ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅអ៊ុយក្រែន កាលពីថ្ងៃពុធសប្តាហ៍នេះ។
លោក ម៉ាតស៊ូណា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសជប៉ុនឈរ ជាមួយពលរដ្ឋអ៊ុយក្រែន ហើយចាត់វិធានការសមស្របក្នុងនាមជាប្រធាន G7 នៅឆ្នាំនេះ»។
គួរបញ្ជាក់ថា នៅសប្តាហ៍ក្រោយ លោក គីស៉ិដា គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសជាសមាជិក G7 ដែលរួមមាន បារាំង អ៊ីតាលី ចក្រភពអង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក ដែលជាដំណើរទស្សនកិច្ចការទូតដ៏សំខាន់មួយ មុនពេលជប៉ុនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល G7 ប្រចាំឆ្នាំ នៅខែឧសភា នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា៕