(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសថា រូបលោកអាចនឹងធ្វើការរុះរើ គណៈរដ្ឋមន្រ្តីរបស់លោក ក្នុងពេលប៉ុន្មានថ្ងៃទៀត ដែលអាចជាការផ្លាស់ប្តូរទ្រង់ទ្រាយធំចុងក្រោយ នៃរដ្ឋាភិបាលរបស់លោក ដើម្បីបង្ហើយឱ្យរួចរាល់ នូវកម្មវិធីក៏ដូចជាគម្រោងផ្សេងៗ នៅមុនការបោះឆ្នោតសកលអាណត្តិថ្មី ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ការសង្ស័យពីផែនការរុះរើគណៈរដ្ឋមន្រ្តីឥណ្ឌូណេស៉ី គឺកើតមានឡើងចាប់តាំងពី ណាស់ដឹម (Nasdem) ដែលជាគណបក្សនយោបាយមួយ នៃសម្ព័ន្ធភាពគណបក្សដែលកំពុងកាន់អំណាច បានប្រកាសកាលពីខែតុលាឆ្នាំមុនថា ខ្លួននឹងគាំទ្រអតីតអភិបាលក្រុងហ្សាការតា លោក អានីអេស បាសវេដាន (Anies Baswedan) ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។

តាំងតែពីពេលនោះមក សមាជិកនៃគណបក្ស PDIP របស់លោក វីដូដូ បានអំពាវនាវឱ្យរូបលោក ដកតំណែងសមាជិករបស់បក្ស Nasdem ចេញពីគណៈរដ្ឋមន្រ្តី។ ឆ្លើយតបនឹងសំណួរពាក់ព័ន្ធ អំពីគម្រោងរុះរើគណៈរដ្ឋមន្រ្តី លោក វីដូដូ បានទទួលស្គាល់ថា លោកពិតជាកំពុងមានផែនការធ្វើបែបនោះមែន ដែលអាចកើតឡើងក្នុងពេលប៉ុន្មានថ្ងៃទៀត។

គួរបញ្ជាក់ថា យោងតាមប្រភពពីសម្ព័ន្ធគណបក្សនិងរដ្ឋាភិបាលរបស់លោក វីដូដូ លោកប្រធានាធិបតីបានគិតគូរពិចារណាអំពី ការរុះរើគណៈរដ្ឋមន្រ្តីក្នុងទ្រង់ទ្រាយធំយូរដែរមកហើយ មុនពេលអាណត្តិចុងក្រោយរបស់លោក ត្រូវបញ្ចប់ទៅក្នុងឆ្នាំ២០២៤ខាងមុខ ដើម្បីសម្រេចឱ្យបានរួចរាល់ នូវកម្មវិធីនិងគម្រោងផ្សេងៗដែលនៅសេលសល់។

ការរុះរើគណៈរដ្ឋមន្រ្តីលើកចុងក្រោយបំផុតរបស់លោក វីដូដូ គឺកាលពីខែមិថុនា ឆ្នាំ២០២២ ដែលពេលនោះ លោកបានផ្លាស់ប្តូរ​រដ្ឋមន្រ្តីពាណិជ្ជកម្មថ្មី ដើម្បីដោះស្រាយវិបត្តិដូងប្រេង។ លោក វីដូដូ បានឡើងកាន់អំណាចជាលើកដំបូង កាលពីឆ្នាំ២០១៤ ខណៈ​នៅប្រទេសឥណ្ឌូណេស៉ី បុគ្គលម្នាក់អាចកាន់តំណែងប្រធានាធិបតី បានច្រើនបំផុត២អាណត្តិ ដោយក្នុង១អាណត្តិមានរយៈពេល៥ឆ្នាំ៕