(បែរឡាំង)៖ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភចំពោះប្រភេទមេរោគអូមីក្រុងបម្លែងថ្មី ដែលនាំឲ្យការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកើនឡើងនៅភាគឦសានសហរដ្ឋអាមេរិក ហើយទីក្រុងបែរឡាំងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងដិតដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

ទិន្នន័យផ្លូវការបានបង្ហាញកាលពីសប្តាហ៍មុន ចំពេលដែលពិភពលោកកំពុងសម្លឹងមើលការកើនឡើងនៃករណីឆ្លងកូវីដ១៩ ក្នុងប្រទេសចិន ខណៈអ្នកជំនាញជំងឺឆ្លងក៏មានការព្រួយបារម្ភកាន់តែខ្លាំងអំពីវត្តមានមេរោគអូមីក្រុងបម្លែងថ្មី ឬ Omicron XBB.1.5 ដែលមានលទ្ធភាពចម្លងខ្លាំងគ្របដណ្តប់៤០% នៃករណីឆ្លងសរុបនៅសហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីសុខភិបាលអាល្លឺម៉ង់ លោក ខាល ឡាអ៊ូតឺបាច់ (Karl Lauterbach) បានគូសបញ្ជាក់ថា «សង្ឃឹមថាយើងឆ្លងកាត់រដូវរងាមុនពេលការប្រែប្រួលបែបនេះអាចរីករាលដាលក្នុងចំណោមពួកយើង។ យើងកំពុងតាមដានយ៉ាងដិតដល់លើការវិវត្តន៍នៃអូមីក្រុង XBB.1.5 ក្នុងប្រទសអាល្លឺម៉ង់»។

គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត មីលឆែល អូស្ទឺហូល (Michael Osterholm) អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យមីនីសូតា (Minnesota) សហរដ្ឋអាមេរិក រដ្ឋចំនួន៧ ក្នុងចំណោមរដ្ឋចំនួន១០ របស់សហរដ្ឋអាមេរិកដែលមើកឃើញពីការកើនឡើងនៃការឆ្លងមេរោគ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺស្ថិតនៅឯភាគឦសាន ហើយភាគច្រើនជាមេរោគអូមីក្រុង XBB.1.5៕