(វ៉ាស៉ីនតោន)៖ មកទល់នឹងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន នៅតែចចេសរឹងរូសមិនផ្តល់សំលេងគាំទ្រដល់បេក្ខភាព លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ដើម្បីក្លាយជាប្រធានសភាតំណាងរាស្រ្តដដែល ខណៈសមាជិកផ្សេងទៀតដែលគាំទ្រលោក ខាធី កំពុងធ្វើការយ៉ាងសកម្មនៅពីក្រោយការបោះឆ្នោត ក្នុងក្តីរំពឹងថានឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងមួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

បន្ទាប់ពីការបោះឆ្នោតលើកទី១១ សភាបានពន្យារពេលជាលើកទី៣ នៅសប្តាហ៍នេះដោយគ្មានការប្រកាសមាសភាពប្រធានថ្មី។ សមាជិកសភានឹងរៀបចំប្រជុំឡើងវិញនៅវេលាថ្ងៃត្រង់ថ្ងៃសុក្រ (ម៉ោង១ព្រឹកថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា)។ គូប្រជែងរបស់លោក ម៉ាកខាធី បាននិយាយថា ពួកគេមិនទុកចិត្តចំពោះលោកក្នុងការតស៊ូដើម្បីកាត់បន្ថយការចំណាយដ៏ស៊ីជម្រៅ និងការរឹតបន្តឹងផ្សេងទៀតដែលពួកគេចង់ដាក់លើប្រធានាធិបតី ចូ បៃដិន និងព្រឹទ្ធសភាដែលគ្រប់គ្រងដោយប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា គណបក្សសាធារណរដ្ឋបានឈ្នះសំឡេងភាគច្រើននៃសភា គឺ ២២២ទល់២១២ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានន័យថាលោក ម៉ាខាធី មិនត្រូវបាត់បង់ការគាំទ្រពីគណបក្សសាធារណរដ្ឋច្រើនជាង ៤នាក់ឡើយដើម្បីក្លាយជាប្រធានសភាតំណាងថ្មីរបស់សហរដ្ឋអាមេរិក៕