(កៀវ)៖ មន្រ្តីសេតវិមានមួយរូបបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា តាមទស្សនៈ សហរដ្ឋអាមេរិកយល់ឃើញថាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី ដែលជាស្ថាបនិកក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី គឺលោក យេវហ្គិនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ចាប់អារម្មណ៍ក្នុងការកាន់កាប់អំបិល និងរ៉ែហ្គីបស៊ូម ពីអណ្តូងរ៉ែនៅជិតទីក្រុងបាកមុត (Bakhmut) របស់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

មន្រ្តីដដែលរូបនោះបានឲ្យដឹងថា វាមានការចង្អុលបង្ហាញដែលថាធនធានធម្មជាតិដ៏មហាសាលនៃដែនដីនេះ កំពុងជំរុញឲ្យរុស្ស៊ីនិងលោក ព្រីហ្គូហ្ស៉ីន ឈ្លក់វង្វេងនឹងទីក្រុងបាកមុត។ លោក ព្រីហ្គូហ្ស៉ីន គឺជាម្ចាស់ក្រុមហ៊ុនឯកជនយោធារុស្ស៊ី Wagner Group ហើយត្រូវបានបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម សម្រាប់តួនាទីរបស់លោកនៅក្នុងក្រុមនេះ។

សេតវិមានកាលពីចុងខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថាក្រុម Wagner Group បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។
កន្លងមកសហរដ្ឋអាមេរិកបានចោទប្រកាន់ទាហានស៊ីឈ្នួលរុស្ស៊ីថា បានកេងប្រវ័ញ្ចធនធានធម្មជាតិនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ម៉ាលី ស៊ូដង់ និងកន្លែងផ្សេងទៀត ដើម្បីជួយផ្តល់មូលនិធិដល់សង្គ្រាមរុស្ស៉ីអ៊ុយក្រែន ជាការចោទប្រកាន់ដែលរុស្ស៊ីបានច្រានចោល។

គួរបញ្ជាក់ថា ក្នុងចំណោមកម្លាំងទាហានស៊ីឈ្នួលជិត ៥០,០០០នាក់ Wagner Group បានសម្លាប់ជីវិតមនុស្សជាង ៤,១០០នាក់ និងរបួស ១០,០០០ នាក់ ក្នុងនោះមនុស្សជាង ១,០០០នាក់ ត្រូវបានសម្លាប់នៅចន្លោះចុងខែវិច្ឆិកា និងដើមខែធ្នូ នៅជិតទីក្រុងបាកមុត៕