(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោយសង្រ្គាមរយៈពេលជាង ១០ខែមកនេះ និងការបាត់បង់កងទ័ពរាប់ពាន់នាក់បានបង្ខំឱ្យប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

វិមានក្រឹមឡាំង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះឱ្យដឹងថាលោក ពូទីន បានបញ្ជាឱ្យមានបទឈប់បាញ់ចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បន្ទាប់ពីមានការអំពាវនាវបទឈប់បាញ់នាឱកាសបុណ្យណូអែលអូតូដុក ពីសំណាក់សម្ដេចសង្ឃអូតូដុករុស្ស៉ី គីរៀល (Kirill)។ ប៉ុន្តែ អ៊ុយក្រែនបានទាត់ចោលបទឈប់បាញ់ឯកតោភាគីនេះ ដោយចាត់ទុកថាវាជាល្បិច ហើយនឹងមិនមានបទឈប់បាញ់ឡើយ រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីទឹកដីអ៊ុយក្រែន។

នៅពេលត្រូវបានសាកសួរពីបទឈប់បាញ់នេះដែរ លោក ចូ បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថាលោក ពូទីន កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដែលបានបង្ខំឱ្យ ប្រធានាធិបតីរុស្ស៉ីរូបនេះប្រកាសបទឈប់បាញ់រយៈពេល៣៦ម៉ោង ដើម្បីរកខ្យល់ដកដង្ហើមខ្លះតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ បទឈប់បាញ់ឯកតោភាគីរបស់លោក ពូទីន នឹងចាប់ផ្ដើមចាប់ពីរសៀលថ្ងៃសុក្រនេះ រហូតដល់ពាក់កណ្ដាលយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែលពេលអ្នកកាន់សាសនាគ្រឹស្ត និកាយអូតូដុកមួយចំនួន នៅក្នុងប្រទេសរុស្ស៉ី និងអ៊ុយក្រែនប្រារព្ធពិធីបុណ្យណូអែលអូតូដុក៕