(វ៉ាស៊ីនតោន)៖ នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាផ្នែកមួយដែលទីក្រុងវ៉ាស៊ីនតោនហៅថា សកម្មភាពទូទៅជាទម្លាប់ធម្មតា ប៉ុន្តែតែងតែធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ យោធាអាមេរិកបានទទួលស្គាល់ថានាវាពិឃាដប្រដាប់ដោយមីស៊ីលដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺជានាវាពិឃាដប្រភេទ Arleigh Burke មានឈ្មោះថា USS Chung-Hoon។ យោធាអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «នាវាពិឃាដ USS Chung-Hoon បានធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ជាការបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

ក៏ប៉ុន្តែ ​នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាកយស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថាទីក្រុងប៉េកាំងជំទាស់ជាដាច់ខាតទៅនឹងសកម្មភាពបែបនេះ និងជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ជាបន្ទាន់នូវទង្វើចលាចល បង្កើនភាពតានតឹង និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក ក្នុងនោះម្ដងម្កាល នាវាចម្បាំងនៃបណ្ដាប្រទេសជាសម្ព័ន្ធមិត្តដូចជាអង់គ្លេស និងកាណាដាជាដើម បានធ្វើដំណើរ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដែលតែងតែបង្កការខឹងសម្បារដល់ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន៕