(កៀវ)៖ អ៊ុយក្រែន បានទាត់ចោលបទឈប់បាញ់ឯកតោភាគីរយៈពេល៣៦ម៉ោងប្រកាសដោយរុស្ស៉ី ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃសុក្រនេះ ខណៈមេដឹកនាំសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយថាពួកគេកំពុងបញ្ជូនរថពាសដែកប្រយុទ្ធឱ្យទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP នៅថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០២៣។

បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់ជំនួយយោធាថ្មីមួយនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយក្នុងនោះត្រូវបានគេរំពឹងថាអាចនឹងមានរួមបញ្ចូលទាំងរថពាសដែក ប្រយុទ្ធ Bradley ចំនួន៥០គ្រឿង នៅក្នុងកញ្ចប់ជំនួយយោធាថ្មីនេះដែលគិតជាទឹកប្រាក់ ២.៨ពាន់លានដុល្លារ។ ថ្លែងប្រាប់សារព័ត៌មាន លោកប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន សង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលមួយដ៏សំខាន់ ហើយសហរដ្ឋអាមេរិកបាន និងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចជួយដល់អ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

ដោយឡែក ខាងអាល្លឺម៉ង់ឯណោះវិញ ក៏បានប្រកាសបញ្ជូនរថពាសដែកប្រយុទ្ធ​ Marder ហើយក៏អាចនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ឱ្យអ៊ុយក្រែនផងដែរ។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ថែមទាំងបានឯកភាពគ្នាទៀតថានឹងជួយបណ្ដុះបណ្ដាលទាហានអ៊ុយក្រែនពីរបៀបប្រើប្រាស់អាវុធទាំងនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសជាឯកតោភាគីពីបទឈប់បាញ់នាឱកាស «ថ្ងៃបុណ្យណូអែលអូតូដុក» រយៈពេល៣៦ម៉ោង ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយនឹងត្រូវបញ្ចប់នៅពាក់កណ្ដាលយប់ថ្ងៃសៅរ៍។ ប៉ុន្តែ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានច្រានចោលបទឈប់បាញ់ឯកភាគីនេះដោយចាត់ទុកថាវាជាល្បិចមួយរបស់រុស្ស៉ី ដើម្បីបង្អាក់ភាពរីកចម្រើនរបស់ទាហានអ៊ុយក្រែនតែប៉ុណ្ណោះ៕