(វ៉ាស៊ីនតោន)៖ បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងប្រផិតប្រផើយលើគណបក្សប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយសំឡេង ភាគច្រើនតិចតួចគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិក គណបក្សសាធារណរដ្ឋ បាន និងកំពុងព្យាយាមបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួន។​ ប៉ុន្តែ អស់រយៈពេល ២ថ្ងៃជាប់ៗគ្នា មកហើយដែលសភាតំណាងរាស្ត្រអាមេរិកមិនអាចបោះឆ្នោតជ្រើសរើសប្រធានដើម្បីជំនួសកន្លែងលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានចាស់មកពីគណបក្សប្រជាធិបតេយ្យ។

នៅថ្ងៃពុធ ទី៤ ខែមករានេះ (ម៉ោងនៅវ៉ាស៊ីនតោន) សភាតំណាងរាស្ត្រអាមេរិក បានលើកពេលការបោះឆ្នោតជាលើកទី២ ដោយគ្មានការជ្រើសរើសប្រធានសភា ខណៈបេក្ខភាពប្រធាន មកពីគណបក្សសាធារណរដ្ឋ លោក ខេវិន ម៉ាកខាធី (Kevin McCarthy) នៅតែមិនអាចទទួលបានសំឡេងគាំទ្រភាគច្រើនគ្រប់គ្រាន់ដែលលោកត្រូវការជាចាំបាច់ដើម្បីអាចឡើង កាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិក។ លោក ម៉ាកខាធី ទទួលបានសំឡេងគំាទ្រតែជាង ២០១សំឡេងប៉ុណ្ណោះ ហើយនេះតិចជាងការបោះឆ្នោតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលលោកទទួលបានសំឡេងគាំទ្រ ២០៣សំឡេង។ សភាតំណាងរាស្ត្រអាមេរិកសព្វថ្ងៃស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សសាធារណរដ្ឋក៏ពិតមែន ប៉ុន្តែពួកគេមិនទាន់ឯកភាពគ្នា ក្នុងការជ្រើសតាំងប្រធានសភាថ្មីនៅឡើយទេ ដោយសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋជាង ២០នាក់ បានបោះឆ្នោតប្រឆាំងនឹងលោក McCarthy។ ដូច្នេះប្រសិនបើមិនមាន ប្រធាន តើសភាតំណាងរាស្រ្តអាមេរិកនឹងទៅជាយ៉ាងណា?

* តើអ្វីទៅជាតួនាទីសំខាន់នៃប្រធានសភាតំណាងរាស្ត្រ?
ប្រធានសភាតំណាងរាស្ត្រ ដែលជាបុគ្គលមានអំណាចធំលំដាប់ទី៣ នៅក្នុងនយោបាយសហរដ្ឋអាមេរិក និងជាមនុស្សសំខាន់ទី២ បន្ទាប់ពីអនុប្រធានាធិបតីដែលអាចបន្តវេន ឬស្នងតំណែងជាប្រធានាធិបតីអាមេរិក មានតួនាទីដឹកនាំសភាតំណាងរាស្ត្រ ឬសភាជាន់ទាប ក្នុងការដំណើការនីតិវិធីតាក់តែងច្បាប់ និងសំឡេងនយោបាយ។ ជាទូទៅ គណបក្សដែល មានសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ គឺមានសិទ្ធិតែងតាំងសមាជិកសភាណាម្នាក់ នៅក្នុងជួរបក្សរបស់ខ្លួន ឬក៏ជនណាម្នាក់នៅក្រៅបក្សជាបេក្ខភាពប្រធានក៏បាន។

* តើការជ្រើសតាំងប្រធានសភាតំណាងរាស្ត្រ ដំណើការទៅយ៉ាងដូចម្ដេច?
ការជ្រើសតាំងប្រធានថ្មី ធ្វើឡើងតាមរយៈការបោះឆ្នោតពីសមាជិកសភាតំណាស្ត្រអាមេរិកទាំងអស់ ហើយការបោះឆ្នោតនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃអង្គារមកម្ល៉េះ។ បេក្ខភាពប្រធាន ចាំបាច់ត្រូវតែមានសំឡេងគាំទ្រភាគច្រើនចំនួន ២១៨សំឡេង នៅក្នុងចំណោមសមាជិកសភាតំណាងរាស្ត្រអាមេរិកសរុបទាំង៤៣៥នាក់។ នៅក្នុងករណីដែលបេក្ខភាពប្រធានមិនអាច ទទួលបានសំឡេងភាគច្រើនគ្រប់គ្រាន់នេះទេ នោះសភាតំណាងរាស្ត្រនឹងបន្តធ្វើការបោះឆ្នោតរហូតដល់បេក្ខភាពបច្ចុប្បន្ន ឬក៏នរណាម្នាក់ផ្សេងទទួលបានការគាំទ្រ ២១៨ សំឡេង។ ប្រធានសភាតំណាងរាស្ត្រត្រូវបានបោះឆ្នោតជ្រើសរើសតាំង រៀងរាល់២ឆ្នាំម្ដង គឺនៅអំឡុងការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។

* តើមានបេក្ខភាពប្រធានជំនួសផ្សេងទៀត ដែរឬទេ?
សមាជិកសភាតំណាងរាស្ត្រអាមេរិក លោក ស្ទីវ ស្កាឡាយស៍ (Steve Scalise) ដែលជាមនុស្សមានឥទ្ធិពលធំលំដាប់ទី២ ក្នុងចំណោមសមាជិកសភាតំណាងរាស្ត្រនៃបក្សសាធារណរដ្ឋ និងជាអ្នកគាំទ្រលោក McCarthy ផងនោះត្រូវបានគេមើលឃើញថាអាចជាបេក្ខភាពជំនួសដ៏មានសក្ដានុពល ប្រសិនបើលោក McCarthy សម្រេចចិត្តដកខ្លួន។ ចំណែកឯ បេក្ខជន ម្នាក់ទៀត គឺលោក ជីម ជកដិន (Jim Jordan) ជាសមាជិកសភាតំណាងរាស្ត្របក្សសាធារណរដ្ឋមកពីរដ្ឋ Ohio។ តែទោះជាបែបនេះក្ដី ជាក់ស្ដែងសព្វថ្ងៃ មិនទាន់មានបេក្ខជនណាម្នាក់ ដែលត្រូវបានគេសង្ឃឹមថាអាចនឹងទទួលបានសំឡេងគាំទ្រលើសលោក McCarthy នៅក្នុងបក្សសាធារណរដ្ឋនោះទេ ខណៈបក្សប្រជាធិបតេយ្យក៏បានស្នើបេក្ខជនម្នាក់របស់ខ្លួន​ គឺលោក ហាគីម ចេហ្វហ្រ្វី (Hakeem Jeffries) សមាជិកសភាតំណាងរាស្ត្រ មកពីរដ្ឋញូវយ៉ក បើទោះជាដឹងថាមានសង្ឃឹមតិចតួចក៏ដោយ។

* តើនឹងមានអ្វីកើតឡើង បើសភាតំណាងរាស្ត្រអាមេរិកគ្មានប្រធាន?
បញ្ហារាំងស្ទះក្នុងការបោះឆ្នោតជ្រើសប្រធានថ្មី អាចនឹងបង្កផលអាក្រក់ជាច្រើន ជាពិសេសដល់ដំណើរការនៃនីតិវិធីតាក់តែងច្បាប់ផ្សេងៗ តួយ៉ាងដូចជាច្បាប់កញ្ចប់ថវិកាជាតិ ហើយវាក៏ អាចបង្កផលអាក្រក់ផ្ទាល់តែម្ដងដល់គណបក្សសាធារណរដ្ឋផងដែរ។ ការបរាជ័យក្នុងការបោះឆ្នោតគាំទ្រលោក McCarthy បានបង្ហាញពីការបែកបាក់ផ្ទៃក្នុងនៅគណបក្សសាធារណរដ្ឋ ដែលនេះអាច នឹងឱ្យបក្សប្រជាធិបតេយ្យទាញយកឱកាសសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខ។ គណបក្សសាធារណរដ្ឋបានសន្យាថានឹងប្រើប្រាស់ការដឹកនាំសភាតំណាងរាស្ត្រ ដើម្បីបើក ការស៊ើបអង្កេតជាច្រើន ក្នុងនោះរួមទាំងការស៊ើបអង្កេតដែលគោលដៅលើលោក ចូ បៃដិនផងដែរ។ ប៉ុន្តែដរាបណា គ្មានប្រធានសភាតំណាងរាស្ត្រ ក៏គ្មានកិច្ចការណាមួយ អាចសម្រេចបាននោះដែរ ហើយសូម្បីតែសមាជិកសភានីតិកាលទី១១៨ ទាំងអស់ ក៏មិនអាចស្បថចូលកាន់តំណែងបានដែរ រីឯសភាតំណាងរាស្ត្រនឹងត្រូវជាប់គាំងរហូតដល់មាន ប្រធានថ្មី។

គួរបញ្ជាក់ថា វាជាលើកដំបូងក្នុងរយៈពេលជិត១០០ឆ្នាំចុងក្រោយនេះ ដែលសភាតំណាងរាស្ត្រអាមេរិកមានភាពរកាំរកូសត្រូវបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនច្រើនដងបែបនេះ ចាប់តាំងពី ឆ្នាំ១៩២៣មក។ នៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ពោលគឺក្នុងឆ្នាំ១៨៥៦ សមាជិកសភាតំណាងរាស្ត្រអាមេរិកបានចំណាយពេលជាង ២ខែ ក្នុងការបោះឆ្នោតចំនួន ១៣៣លើក ទម្រាំតែអាចបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់ខ្លួនបាន៕