(វ៉ាស៊ីនតោន)៖ គណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្តអាមេរិក នឹងព្យាយាមសម្រាប់ថ្ងៃទីបី នៅថ្ងៃព្រហស្បតិ៍ (ទី០៥ ខែមករា) នេះ ដើម្បីជ្រើសរើសមេដឹកនាំ បន្ទាប់ពីបានបរាជ័យការបោះឆ្នោតចំនួន៦លើកមកហើយ ដែលបានបង្ហាញពីការបែកបាក់ផ្ទៃក្នុង និងបានចោទជាសំណួរអំពីសមត្ថភាពគ្រប់គ្រងរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍​ ទី០៥ ខែមករា ឆ្នាំ២០២៣។

លោក Kevin McCarthy ដែលជាសមាជិកសភាជាន់ខ្ពស់បំផុតរបស់គណបក្សសាធារណរដ្ឋ បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើន ដែលត្រូវការសម្រាប់តំណែងប្រធានសភាដ៏មានអំណាចនេះ ដោយសារតែបក្សពួកនៃក្រុមអភិរក្សនិយមរឹងរូសបានបដិសេធមិនគាំទ្រលោក បើទោះបីជាមានសម្ពាធពីអ្នកគាំទ្រដ៏ល្បី ដូចជាអតីតប្រធានាធិបតី Donald Trump ក៏ដោយ។

លោក McCarthy មកពីរដ្ឋកាលីហ្វ័រញ៉ាបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ប្រកបដោយជោគជ័យរបស់គណបក្សរបស់លោក ដើម្បីឈ្នះការគ្រប់គ្រងសភានៅក្នុងការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកាឆ្នាំ២០២២។

ប៉ុន្តែគូប្រជែងរបស់លោក បានចាត់ទុកគាត់ជាឈ្មួញ ដែលប្រហែលជាមិនមានភាពក្លាហាន ក្នុងធ្វើឱ្យមានការប៉ះពាល់ប្រយោជន៍ដល់គណបក្សប្រជាធិបតេយ្យ របស់ប្រធានាធិបតី Joe Biden ជុំវិញការចំណាយរបស់រដ្ឋាភិបាលនោះទេ ដែលជាចំណុចសំខាន់ នៃអានុភាពរបស់ពួកគេមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។

តើ​គាត់​នឹង​តស៊ូ​ដើម្បី​យើង​ឬ​?​ គាត់​សុខ​ចិត្ត​បិទ​រដ្ឋាភិបាល​ឬ? លោក Ralph Norman ដែលជាតំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រ របស់គណបក្សសាធារណរដ្ឋយ៉ាងតិច ១៩នាក់ ដែលបានបោះឆ្នោតប្រឆាំងនឹងគាត់នៅក្នុងការបោះឆ្នោតនីមួយៗ៕