(សិង្ហបុរី)៖ ការបើកច្រកព្រំដែនឡើងវិញរបស់ប្រទេសចិន ទំនងជាមិននាំឱ្យមានរលកធ្ងន់ធ្ងរនៃការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរីនោះទេ បើទោះបីជាភ្ញៀវទេសចរកាន់តែច្រើនត្រូវបានគេរំពឹងថានឹងមកទស្សនាក៏ដោយ នេះបើយោងតាមអ្នកជំនាញជំងឺឆ្លង។

សាស្ត្រាចារ្យ Paul Tambyah ប្រធានសមាគមអន្តរជាតិ នៃជំងឺឆ្លងបាននិយាយថា ជំងឺឆ្លងនៅក្នុងប្រទេសចិនមានរួចហើយនៅក្នុងប្រទេសសិង្ហបុរី។

គាត់បានប្រាប់សារព័ត៌មាន CNA ថា «វាមិនទំនងទេដែលថានឹងមានការកើនឡើង នៃករណីឆ្លងនៅក្នុងប្រទេសសិង្ហបុរី ទាក់ទងនឹងការមកដល់របស់ភ្ញៀវមកពីប្រទេសចិន»។

សាស្ត្រាចារ្យ Dale Fisher នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បាននិយាយថា ទោះបីជាមានការឆ្លងកើនឡើងក៏ដោយ ចំនួនប្រជាជនក្នុងប្រទេសសិង្ហបុរីត្រូវបានការពារដោយប្រយោល ដោយសារអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ។

សាស្ត្រាចារ្យ Fisher បានបន្ថែមថា «មានការឆ្លងជាច្រើននៅក្នុងប្រទេសទាំងអស់រួចទៅហើយ ដូច្នេះខណៈពេលដែលមានករណីនាំចូល ភាគច្រើនវានឹងនាំឱ្យមានការកើនឡើងនៃករណីស្រាល ដោយសារប្រជាជនសិង្ហបុរីត្រូវបានចាក់វ៉ាក់សាំងយ៉ាងល្អ ហើយមនុស្សភាគច្រើនបានឆ្លងរួចហើយ»។

គួរបញ្ជា់ថា ចាប់ពីថ្ងៃទី០៨ ខែមករា (ថ្ងៃអាទិត្យ) ប្រទេសចិននឹងលុបចោលការដាក់ឱ្យនៅដាច់ពីគេ ជាកាតព្វកិច្ចចំពោះអ្នកដែលមកដល់ប្រទេស ដែលនាំឱ្យមានការចាប់អារម្មណ៍កើនឡើងក្នុងការធ្វើដំណើរ រួមទាំងទៅកាន់ប្រទេសសិង្ហបុរីផងដែរ។

ប្រជាជនចិនប្រហែល ៣.៦លាននាក់បានទៅលេងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៩ ដែលស្មើនឹងជិត ១៩ភាគរយនៃអ្នកមកទស្សនានៅឆ្នាំនោះ ដែលជាអ្នករួមចំណែកធំបំផុតនៃភ្ញៀវទេសចរ៕