(សេអ៊ូល)៖ សមាជិកសភាកូរ៉េខាងត្បូងបាននិយាយ ដោយដកស្រង់សម្តីមន្ត្រីចារកម្មថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបោសសម្អាតអតីតរដ្ឋមន្ត្រីការបរទេស ដែលដើរតួយ៉ាងសំខាន់ នៅក្នុងកិច្ចប្រជុំកំពូលរបស់លោក ជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃព្រហស្ប​តិ៍ ទី០៥ ខែមករា ឆ្នាំ២០២៣។

លោក Ri Yong-ho បានបាត់មុខពីសាធារណជន ចាប់តាំងពីកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោនបានជាប់គាំង បន្ទាប់ពីកិច្ចប្រជុំកំពូលបរាជ័យកាលពីដើមឆ្នាំ២០១៩ នៅប្រទេសវៀតណាមរវាងលោក Kim និង Trump។ ការសែត Yomiuri Shimbun របស់ប្រទេសជប៉ុនបានរាយការណ៍កាលពីថ្ងៃពុធថា គាត់ត្រូវបានគេប្រហារជីវិតកាលពីឆ្នាំមុន។

លោក Yoo Sang-bum សមាជិកនៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាបាននិយាយថា សេវាស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា លោក Ri Yong-ho ដែលជាអតីតរដ្ឋមន្ត្រីការបរទេសត្រូវបានគេបោសសំអាត ប៉ុន្តែវាមិនច្បាស់ថា តើគាត់ត្រូវបានគេប្រហារជីវិតឬយ៉ាងណានោះទេ។

លោក Yoo បានបញ្ជាក់បន្ថែមថា «ពួកគេបានបញ្ជាក់ពីការបោសសំអាត លោក Ri ប៉ុន្តែមិនមែនជាការប្រហារជីវិតទេ»

គួរបញ្ជាក់ថា លោក Ri ត្រូវបានគេលើកឡើងចុងក្រោយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងក្នុងខែមេសា ឆ្នាំ២០២០ នៅពេលដែលគាត់ ត្រូវបានដកចេញពីគណៈកម្មាធិការកិច្ចការរដ្ឋ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូល ដែលដឹកនាំដោយលោក គីម ខណៈគាត់ត្រូវបានបណ្តេញចេញពីតំណែងអ្នកការទូតកំពូលជាច្រើនខែមុនហ្នឹងទៅទៀត៕