(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយីព អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញយ៉ាងទទូចឱ្យ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ «ឯកតោភាគី» នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគី ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក ពូទីន លោក អឺដូហ្កាន់ បាននិយាយទៅកាន់លោកប្រធានាធិបតីរុស្ស៉ីយ៉ាងដូច្នេះថា «ការអំពាវនាវដើម្បីសន្តិភាពនិងកិច្ចចរចា គួរតែត្រូវបានគាំទ្រដោយ បទឈប់បាញ់ឯកតោភាគី រួមជាមួយចក្ខុវិស័យសម្រាប់ដំណោះស្រាយប្រកបដោយតម្លាភាព»។ ក្នុងថ្ងៃជាមួយគ្នានេះ សម្តេចសង្ឃសាសនាគ្រឹស្តនិកាយអូតូដុក (Orthodox) នៅប្រទេសរុស្ស៉ី ក៏បានចេញមុខអំពាវនាវឱ្យមាន បទឈប់បាញ់សង្រ្គាមអ៊ុយក្រែន សម្រាប់ឱកាសបុណ្យគ្រឹស្មាស់អូតូដុក ក្នុងសប្តាហ៍នេះផងដែរ។
គួរបញ្ជាក់ថា លោក អឺដូហ្កាន់ នឹងត្រូវជជែកអំពីបញ្ហាខាងលើបន្តទៀត ក្នុងកិច្ចសន្ទនាដាច់ដោយឡែកជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ។ មេដឹកនាំតួកគីរូបនេះ បានប្រើប្រាស់ទំនាក់ទំនងល្អរបស់លោក ទាំងជាមួយទីក្រុងមូស្គូនិងទីក្រុងកៀវ ដើម្បីព្យាយាមសម្របសម្រួលបញ្ចប់សង្រ្គាម។
កាលពីពេលដំបូងៗ តួកគីធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃជំនួបចរចាសន្តិភាពចំនួន២លើក ហើយបន្ទាប់មក ក៏បានជួយសម្រេចកិច្ចព្រមព្រៀងគាំទ្រដោយ អង្គការសហប្រជាជាតិស្តីពីការបើកឡើងវិញ នូវការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមតំបន់សមុទ្រខ្មៅផងដែរ។ ទល់នឹងពេលនេះ លោក អឺដូហ្កាន់ បានព្យាយាមប៉ុន្មានលើកហើយ ដើម្បីនាំលោក ពូទីន និងលោក ហ្សេលេនស្គី មកអង្គុយទល់មុខគ្នា នៅតួកគីដើម្បីចរចារកសន្តិភាព៕