(កៀវ)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាអ៊ុយក្រែន បានអះអាងថា យោងតាមការប៉ាន់ប្រមាណរបស់ខ្លួន កងទ័ពរុស្ស៉ីប្រហែលជា ៨០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់យោធាអ៊ុយក្រែន ក្នុងចំណោមនោះ ការស្លាប់នៃទាហានរុស្ស៉ីភាគច្រើន គឺក្នុងការប្រយុទ្ធគ្នា​ដ៏ក្តៅគគុក នៅតំបន់ដូណេត (Donetsk) ភាគខាងកើតប្រទេសអ៊ុយក្រែន។ ប្រសិនបើតួលេខខាងលើត្រូវបានផ្ទៀងផ្ទាត់ឃើញថា ពិតប្រាកដដូចការអះអាងមែននោះ វានឹងក្លាយជាការបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើនមួយរបស់រុស្ស៉ី សម្រាប់រយៈពេលត្រឹម១ថ្ងៃ។

ទន្ទឹមគ្នានេះ យោធាអ៊ុយក្រែនបានអះអាងទៀតថា យន្តហោះយោធា១គ្រឿង ឧទ្ធម្ភាគចក្រ១គ្រឿង និងរថក្រោះ៣គ្រឿងរបស់រុស្ស៉ី ក៏ត្រូវបានកម្ទេចផងដែរ ក្នុងរយៈពេល១ថ្ងៃកន្លងទៅនេះ។ ដោយឡែក ការវាយប្រហារតាមផ្លូវអាកាសដោយមីស៉ីលនិងរ៉ុក្កែតរបស់រុស្ស៉ី មកលើទីក្រុងបាកមូត (Bakhmut) និងទីក្រុង២ផ្សេងទៀត នៅក្នុងតំបន់ដូណេត បានបង្កឱ្យមានជនស៉ីវិលស្លាប់និងរងរបួស ប៉ុន្តែមិនមានការបញ្ជាក់ចំនួនជាក់លាក់ឡើយ។

គួរបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះឡើងដំបូ ងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកទល់ពេលនេះ សង្រ្គាមឈ្លានពានរបស់រុស្ស៉ី​នៅអ៊ុយក្រែនកំពុងតែស្ថិតក្នុងខែទី១១ ហើយនឹងឈានចូលដល់គម្រប់ខួប១ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃពុធ បានអំពាវនាវយ៉ាងទទូចឱ្យក្រុមសម្ព័ន្ធមិត្តលោកខាងលិច ផ្តល់ឱ្យប្រទេសរបស់លោក នូវរថក្រោះក៏ដូចជាសព្វាវុធធុនធ្ងន់បន្ថែមទៀត ដើម្បីបន្តការប្រយុទ្ធតស៊ូជាមួយកងទ័ពរុស្ស៉ី៕