(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា យន្តហោះដ្រូនរបស់កូរ៉េខាងជើង បានហោះបំពានចូលតំបន់គ្មានការហោះហើរដ៏សំខាន់មួយ ដែលនៅជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងហេតុការណ៍កាលពីសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

កន្លងមកយោធាកូរ៉េខាងត្បូង បានបដិសេធម្តងហើយម្តងទៀត នូវរបាយការណ៍ដែលថាដ្រូនកូរ៉េខាងជើងបានជ្រៀតចូលទៅក្នុង តំបន់គ្មានការហោះហើរដ៏សំខាន់ហៅថា P-73 ដែលរួមបញ្ចូលទាំងដែនអាកាសនៅពីលើ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ ប៉ុន្តែឥឡូវនេះ អ្នកនាំពាក្យនៃអគ្គសេនាធិការយោធាចម្រុះកូរ៉េខាងត្បូង លោក លី សុងជុន (Lee Sung Jun) បានគូសបញ្ជាក់ថា «វាមិនពិតទេដែលថា យន្តហោះដ្រូនរបស់កូរ៉េខាងជើង មិនបានឆ្លងកាត់តំបន់យ៉ុងសាន (Yongsan) នោះ។

លោក លី បានបន្ថែមថា ការស៊ើបអង្កេតបានរកឃើញថា «ដាននៃយន្តហោះដ្រូនធុនតូចមួយគ្រឿងរបស់កូរ៉េខាងជើង បានឆ្លងកាត់ចំណុចចុងភាគខាងជើងនៃតំបន់គ្មានការហោះហើរ P-73។ ប៉ុន្តែមាន​បញ្ហា​​សុវត្ថិភាពចំពោះការិយាល័យប្រធានាធិបតី ដែលស្ថិតនៅតំបន់យ៉ុងសាន នៃទីក្រុងសេអ៊ូលនោះ​ទេ​»

គួរបញ្ជាក់ថា បើតាមការរាយការណ៍របស់កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានបញ្ជូនយន្តហោះដ្រូនចំនួន៥គ្រឿង ឆ្លងកាត់ព្រំដែនចូលទៅក្នុងដែនអាកាសរបស់ខ្លួន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដែលហេតុការណ៍បែបនេះ បានកើតឡើងជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ។ យោធាកូរ៉េខាងត្បូង បានបរាជ័យក្នុងការឆ្លើយតប ហើយបណ្តោយឲ្យដ្រូនទាំងនោះ ហោះហើរដោយសេរីអស់ជាច្រើនម៉ោង ក្នុងទឹកដីរបស់ខ្លួន៕