(តៃប៉ិ)៖ កំលុងការបន្តដំណើរទស្សនកិច្ចនៅតៃវ៉ាន់ អតីតអគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក អាន់ដឺស ហ្វូក រ៉ាសមូស្សិន (Anders Fogh Rasmussen) នាថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា ប្រទេសទាំងអស់គួរតែនាំគ្នាបង្ហាញឱ្យបានច្បាស់ៗអំពី «ផលវិបាកផ្នែកសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ» ដែលចិននឹងត្រូវប្រឈមមុខ ប្រសិនបើហ៊ានធ្វើសកម្មភាពវាយប្រហារប្រឆាំងលើដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

កំលុងសន្និសីទសារព័ត៌មានមួយនៅឯទីក្រុងតៃប៉ិ លោក រ៉ាសមូស្សិន បានប្រាប់ក្រុមអ្នកកាសែតដូច្នេះថា «ការប៉ុនប៉ងណាមួយ​ដោយចិន ដើម្បីផ្លាស់ប្តូរស្ថានភាពដើមនៅកោះតៃវ៉ាន់ដោយប្រើកម្លាំង គួរតែទទួលរងត្រឡប់ទៅវិញ នូវការឆ្លើយតបមួយដែលរួបរួមនិងស្មើភាពគ្នា ហើយយើងត្រូវតែបង្ហាញវាឱ្យបានច្បាស់ចំពោះចិន នាពេលនេះ»

លោក រ៉ាសមូស្សិន បានបន្តថា «ចិនពឹងផ្អែកខ្លាំងជាងលើខ្សែចង្វាក់ផ្គត់ផ្គង់សកល បើធៀបជាមួយរុស្ស៉ី។ ដូច្នេះហើយការបង្ហាញ​ចេញឱ្យបានច្បាស់ៗ អំពីផលវិបាកផ្នែកសេដ្ឋកិច្ច នៃការប៉ុនប៉ងវាយប្រហារណាមួយនាពេលឥឡូវនេះ នឹងបម្រើជាវិធានការព្រមាន​ទប់ស្កាត់យ៉ាងដ៏ខ្លាំងក្លាមួយ»។ បើតាមការជឿជាក់របស់អតីតប្រមុខណាតូរូបនេះ គឺប្រធានាធិបតីចិនលោក ស៉ី ជិនពីង កំពុងតែតាម​ដានយ៉ាងដិតដល់ ចំពោះដំណើរវិវត្តន៍នៃសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ចិនបានរក្សាជាប់នូវសិទ្ធិប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ប្រសិនបើវាជារឿងចៀសមិនផុត ខណៈទីក្រុងតៃប៉ិបាននិយាយថា មានតែប្រជាជនតៃវ៉ាន់ផ្ទាល់ប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេចលើជោគជ័យវាសនារបស់ពួកគេ ហើយការអះអាងអធិបតេយ្យរបស់ទីក្រុងប៉េកាំង មកលើដែនកោះនេះ គឺមិនត្រូវបានទទួលស្គាល់ជាដាច់ខាត៕