(មូស្គូ)៖ រុស្ស៊ីកំពុងបញ្ជូនប្រេងឆៅបន្ថែមទៀត ដែលផលិតនៅក្នុងតំបន់អាក់ទិក ទៅកាន់ប្រទេសចិន និងឥណ្ឌា ព្រមជាមួយនិងការបញ្ចុះតម្លៃកាន់តែច្រើន បន្ទាប់ពីអឺរ៉ុបបានបិទទ្វារនាំចូលប្រេងពីរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣

ពាណិជ្ជករនៅសិង្ហបុរី បាននិយាយថា ប្រេងឆៅមកពីតំបន់អាក់ទិកទាំងអស់នេះជាធម្មតាត្រូវបញ្ជូនទៅ EU ប៉ុន្តែឥឡូវនេះត្រូវបញ្ជូនទៅកន្លែងផ្សេង។ ការនាំចេញប្រេងឆៅនៅតំបន់អាក់ទិក ទៅកាន់ប្រទេសឥណ្ឌា បានកើនឡើងជាលំដាប់ចាប់តាំងពីខែឧសភា ជាមួយនឹងកំណត់ត្រាចំនួន ៦.៦៧លានបារ៉ែល នៅក្នុងខែវិច្ឆិកា និង ៤.១លានបារ៉ែលនៅក្នុងខែធ្នូ ឆ្នាំ២០២២។ ចំណែក ប្រេងឆៅ Varandey ជាផលិតផលពេញនិយម សម្រាប់រោងចក្រចម្រាញ់ឯកជនចិន។ យ៉ាងហោចណាស់កប៉ាល់ចំនួន ៣គ្រឿង ដែលផ្ទុកប្រេងឆៅចេញពីកំពង់ផែ មួម៉ាន់ស្ក៍ (Murmansk) ឥឡូវនេះកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន។

គួរបញ្ជាក់ថា ជាធម្មតាមប្រេងឆៅតំបន់អាក់ទិចដែលបញ្ជូនចេញពីកំពង់ផែ Arco/Novy គឺមិនឆ្ពោះទៅទិសខាងកើតទេ ប៉ុន្តែឥឡូវនេះកំពុងស្វែងរកអ្នកទទួលទិញបន្ថែមទៀត បន្ទាប់ពីសហភាពអឺរ៉ុប បណ្តាប្រទេស G7 និងអូស្ត្រាលី បញ្ឈប់ការនាំចូលពីរុស្ស៊ីក្រោមកញ្ចប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ បច្ចុប្បន្ន ក្រុមឈ្មួញកំពុងលក់ប្រេងឆៅដោយ ការបញ្ចុះតម្លៃកាន់តែច្រើន ប៉ុន្តែយកថ្លៃដឹកជញ្ជូនខ្ពស់៕