(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្រ្តាលីបានប្រកាសថា ខ្លួននឹងពង្រឹងសមត្ថភាពការពារជាតិ​ តាមរយៈការវិនិយោគថវិកាជាង ១ពាន់លានដុល្លារអូស្រ្តាលី ឬស្មើនឹង៦៨២លានដុល្លារអាមេរិក ទៅលើប្រព័ន្ធមីស៉ីលក៏ដូចជាប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតទំនើបថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា នៅក្រោមស្ថានភាពបរិយាកាសយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន វាជារឿងសំខាន់ខ្លាំងណាស់ដែលកងកម្លាំងការពារជាតិអូស្រ្តាលី ទទួលបានការបំពាក់នូវសមត្ថភាពទំនើបៗ​បន្ថែមទៀត ដើម្បីទប់ស្កាត់ការគំរាមកំហែង ដែលអាចនឹងកើតឡើងចំពោះសន្តិសុខជាតិ។

ប្រព័ន្ធសព្វាវុធដែលទីក្រុងកង់បេរ៉ាគ្រោងនឹងទិញ គឺរួមមានប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក ហើយនិងប្រព័ន្ធមីស៉ីល Naval Strike Missiles ឬ NSM ដែលផលិតដោយក្រុមហ៊ុន Kongsberg របស់ន័រវែស សម្រាប់បំពាក់លើនាវាចម្បាំង ដែលនឹងត្រូវ​ជំនួសមីស៉ីលប្រឆាំងនាវាធុន Harpoon ចាប់ពីឆ្នាំ២០២៤ទៅ។

គួរបញ្ជាក់ថា យ៉ាងណាក្តី រដ្ឋាភិបាលអូស្រ្តាលី មិនបានឱ្យដឹងច្បាស់អំពីការបែងចែកថវិកា សម្រាប់ការទិញប្រព័ន្ធសព្វាវុធនីមួយៗ ឬក៏បង្ហើបអំពីចំនួនសព្វាវុធមួយមុខៗ ដែលខ្លួនត្រូវទិញនោះឡើយ។ ប៉ុន្តែកាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិក បានអនុម័តលទ្ធភាពលក់​អាវុធមួយ ដោយនិយាយថា អូស្រ្តាលីបានស្នើសុំទិញប្រព័ន្ធ HIMARS ២០គ្រឿង រួមជាមួយបរិក្ខារពាក់ព័ន្ធក្នុងតម្លៃប្រហែលខ្ទង់ ៣៨៥លានដុល្លារអាមេរិក៕