(វ៉ាសូវី)៖ រដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃពុធ បានចុះកិច្ចព្រមព្រៀងថ្មីមួយទៀត ដើម្បីទិញរថក្រោះចំនួនជាង១០០គ្រឿងបន្ថែមពីសហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាសូវីកំពុងបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ហើយពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយទីក្រុងវ៉ាស៉ីនតោន ក្រោយការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។
ពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងខាងលើ ដែលមានតម្លៃ១.៤ពាន់លានដុល្លារ ត្រូវបានធ្វើឡើងនៅមូលដ្ឋានទ័ពក្នុងទីក្រុងវីសូឡា (Wesola) ក្បែររដ្ឋធានីវ៉ាសូវីរបស់ប៉ូឡូញ ក្រោមវត្តមានរបស់រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីយូស ប្លាសហ្សាក់ (Mariusz Blaszczak) រួមជាមួយឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំប៉ូឡូញ លោក ដានីញែល ឡ័រតុន (Daniel Lawton) និងមេបញ្ជាការរងយោធាអាមេរិក លោក ចន លូបាស់ (John Lubas)។
នៅក្រោមកិច្ចព្រមព្រៀងនោះ រថក្រោះអាមេរិកប្រភេទ M1A1Abrams ចំនួន១១៦គ្រឿង នឹងចាប់ផ្តើមដំណើរការប្រគល់មកឱ្យប៉ូឡូញ នៅក្នុងឆ្នាំ២០២៣នេះតែម្តង ហើយវាកើតឡើងក្រោយកិច្ចព្រមព្រៀងកាលពីខែមេសា ឆ្នាំ២០២២ ដែលមានតម្លៃ៤.៧៤ពាន់លានដុល្លារ ស្តីពីការទិញរថក្រោះ Abrams ស៊េរីមួយទៀតគឺ M1A2 ចំនួន២៥០គ្រឿង។ បើតាមលោក ប្លាសហ្សាក់ រថក្រោះក្នុងកិច្ចព្រមព្រៀងនោះ នឹងចាប់ផ្តើមប្រគល់នៅចុងឆ្នាំ២០២៤ ឬឈានចូលឆ្នាំ២០២៥។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប៉ូឡូញក៏បានចុះកិច្ចព្រមព្រៀងដទៃទៀត ទំហំរាប់ពាន់លានដុល្លារ ជាមួយកូរ៉េខាងត្បូងថែមទៀតផង ដើម្បីទិញរថក្រោះ កាំភ្លើងធំ យន្តហោះចម្បាំង និងប្រព័ន្ធបាញ់មីស៉ីល ដោយរថក្រោះនិងកាំភ្លើងធំដំបូងៗ បានមកដល់ប៉ូឡូញកាលពីខែធ្នូកន្លងទៅនេះ៕