(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលផ្អែកលើសម្តីមន្រ្តីវៀតណាម បានរាយការណ៍ឱ្យដឹងកាលពីថ្ងៃពុធថា ក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់ ដែលបានធ្លាក់ចូលប្រហោងសសរស៉ីម៉ង់ នៅឯការដ្ឋានសំណង់មួយកន្លែង កាលពីថ្ងៃឆ្លងឆ្នាំសកលនោះ គឺបានបាត់បង់ជីវិតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។
សារព័ត៌មានវៀតណាម VnExpress បាននិយាយថា ក្រុមអ្នកជួយសង្រ្គោះបានចំណាយពេលសរុបជិត ១០០ម៉ោង ដើម្បីព្យាយាមរំដោះក្មេងប្រុសឈ្មោះ លីហៅ ណាំ (Ly Hao Nam) ដែលជាប់ខ្លួនក្នុងប្រហោងសសរគ្រឹះជម្រៅ៣៥ម៉ែត្រ នៅការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងខេត្តដុងថាប់ (Dong Thap) ភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែទីបំផុតមិនអាចទទួលបានជោគជ័យ។ ហេតុការណ៍នោះបានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ ខណៈដែលរូបគេដើរស្វែងរកដែកអេតចាយ ជាមួយមិត្តភក្តិ។
គួរបញ្ជាក់ថា កត្តាចម្បងដែលបង្កឱ្យកិច្ចប្រឹងប្រែងជួយសង្រ្គោះជួបការលំបាកខ្លាំង គឺដោយសារសសរស៉ីម៉ង់មានជម្រៅយ៉ាងជ្រៅ ហើយមានអង្កត់ផ្ចិតត្រឹម ២៥សង់ទីម៉ែត្រប៉ុណ្ណោះ។ នាពេលនេះ ក្រុមអាជ្ញាធរកំពុងព្យាយាមធ្វើយ៉ាងណា យកសាកសពក្មេងប្រុសនោះចេញមកឱ្យបាន ដើម្បីរៀបចំពិធីបុណ្យ៕