(កៀវ)៖ គ្រឿងសព្វាវុធថ្មីៗកាន់តែបង្កើនឡើងដើម្បីស្វែងរកការឈ្នះលើសង្គ្រាមរៀងៗខ្លួន។ ប្រទេសរុស្ស៊ីបានបំពាក់មីស៊ីលលឿនជាងសម្លេង Zircon ដល់កងទ័ពជើងទឹករបស់ខ្លួន ខណៈសហរដ្ឋអាមេរិកនិងបារាំង ត្រៀមនឹងបញ្ជួនរថក្រោះប្រយុទ្ធផ្តល់មកឱ្យអ៊ុយក្រែនដើម្បីការវាយប្រហារឈ្នះចាញ់ ដូចមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនបានប្តេជ្ញាយកឈ្នះរៀងៗខ្លួនក្នុងឆ្នាំ ២០២៣នេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានដាក់ពង្រាយកងនាវាចម្បាំងបំពាក់ដោយមីស៊ីលគ្រូសលឿនជាងសម្លេង Hypersonic Cruise Missiles ឆ្ពោះទៅកាន់មហាសមុទ្ទឥណ្ឌា និងអត្លង់ទិក ខណៈកម្តៅលើសមរភូមិអ៊ុយក្រែនកាន់តែកើនឡើង។ ការពង្រាយនេះបានធ្វើឡើងក្រោយមានទាហានរុស្ស៊ី ៨៩នាក់ ត្រូវបានអ៊ុយក្រែនបាញ់សម្លាប់ដោយអាវុធ HIMARS នៃជំនួយយោធារបស់សហរដ្ឋអាមេរិក។

លោក វ្លាឌីមៀ ពូទីន បានចូលរួមក្នុងពិធីមួយតាមរយៈ Video Conference កាលពីថ្ងៃពុធ ទី៤មករា នៃថ្ងៃដែលដាក់ពង្រាយនាវាចម្បាំង Admiral Gorshkov។ ពិធីរៀបចំការដាក់ពង្រាយមីស៊ីលលឿនជាងសម្លេងនេះបានធ្វើឡើងដោយមាន ការចូលរួមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sergei Shoigu និងមេបញ្ជាការកងនាវាចម្បាំង លោក Igor Krokhmal ។ លោក វ្លាឌីមៀ ពូទីន បានថ្លែងថានាវាចម្បាំង Admiral Gorshkov ត្រូវបានបំពាក់ប្រព័ន្ធមីស៊ីលលឿនជាងសម្លេងទំនើបជាងគេបំផុតឈ្មោះ Zircon ។
លោក ពូទីន បានថ្លែងជួនពរក្រុមនាវិកលើនាវាចម្បាំងបំពេញកាតព្វកិច្ចជោគជ័យ ដើម្បីមាតុភូមិរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានថ្លែងថានាវាចម្បាំង Admiral Gorshkov ដែលបំពាក់មីស៊ីលលឿនជាងសម្លេងនេះ នឹងត្រូវធ្វើដំណើរទៅកាន់មហាសមុទ្ទអត្លង់ទិក ឥណ្ឌា និងសមុទ្ទមេឌីទែ័រ៉ាណេ។ ការបំពាក់មីស៊ីលលឿនជាងសម្លេងដាក់លើកម្លាំងនាវាចម្បាំង បានធ្វើឡើងបន្ទាប់ពីកម្តៅឆេះរោលលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែនកាន់តែកើនឡើង។ ទាហានរុស្ស៊ីចំនួន ៨៩នាក់ ត្រូវបានអ៊ុយក្រែនប្រើអាវុធ HIMARS បាញ់ចំលើគោលដៅកំពុងជួបជុំគ្នាក្នុងពិធីអបអរដំណាច់ឆ្នាំសកលចាស់ ឈានចូលឆ្នាំថ្មីដែលកើតឡើងក្នុងក្រុង Makiivka នៃខេត្តដូណេតស៍។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ទោសថា ការវាយប្រហារដែលអាចនាំឱ្យសត្រូវបានដឹងអំពីទីកន្លែងនោះ គឺដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃ ដែលគេមិនបានអនុញ្ញាតឡើយសម្រាប់កងកម្លាំងរុស្ស៊ី។

មន្ត្រីយោធារុស្ស៊ី លោក Sergei Sevryukov បានថ្លែងថា ក្រុមគណៈកម្មការមួយបានធ្វើការស៊ើបអង្កេតលើការវាយប្រហារនេះ។ ការរកឃើញជាក់ស្តែងគឺ មូលហេតុដែលកើតឡើងនោះ ដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃដែលបទបញ្ជាបានហាមឃាត់មិនឱ្យប្រើប្រាស់ ក្នុងកងកម្លាំងណាដែលស្ថិតក្នុងរង្វង់តំបន់ដែលមានអាវុធរបស់សត្រូវឡើយ។ មន្ត្រីយោធារុស្ស៊ីរូបនោះបានថ្លែងថា ការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទដៃនេះ នឹងជួយឱ្យសត្រូវរកឃើញទីតាំងរបស់កងទ័ព និងបានវាយប្រហារដោយគ្រាប់មីស៊ីល។

ការវាយប្រហារដាក់លើគោលដៅទាហានរុស្ស៊ីដែលបង្កការស្លាប់មនុស្សជាច្រើននេះ បានធ្វើឱ្យមានការរិះគន់ដាក់លើមេបញ្ជាការយោធារុស្ស៊ីដែលអ្វីទាំងនេះត្រូវគេជឿថា បានជំរុញឱ្យរុស្ស៊ីត្រូវស្វែងរកវិធានការថ្មីដើម្បីការពារឥទ្ធិពលទាហានរុស្ស៊ី។ សាធារណមតិរបស់រុស្ស៊ី បានជំរុញឱ្យលោកពូទីនត្រូវធ្វើការសងសឹកតបតទៅវិញ និងអំពាវនាវមេដឹកនាំរុស្ស៊ី លោក ពូទីន ដាក់បញ្ជាធ្វើការចល័តទ័ពក្នុងទ្រង់ទ្រាយធំច្រើនលាននាក់ ក្នុងចំណោមបុរសរុស្ស៊ីទាំងឡាយដើម្បីធានាយកជ័យជំនះលើអ៊ុយក្រែន។ បីថ្ងៃក្រោយការវាយប្រហារសម្លាប់ទាហានរុស្សីនោះមក កងកម្លាំងនាវាចម្បាំងត្រូវបានគេបំពាក់អាវុធ Hypersonic Cruise Missiles។

លោក ពូទីន បានថ្លែងបង្ហាញការជឿជាក់នៃឥទ្ធិពលមីស៊ីលលឿនជាងសម្លេងនេះ។ លោក វ្លាឌីមៀពូទីន បានថ្លែងថា លោក «មានការជឿជាក់ក្នុងចិត្តថាអាវុធដ៏មានឥទ្ធិពលនេះ នឹងជួយដល់ការការពាររុស្ស៊ីប្រឆាំងនឹងការគំរាមកំហែងមកពីខាងក្រៅ»។ ការបំពាក់អាវុធមីស៊ីលលឿនជាងសម្លេងដល់កម្លាំងនាវាចម្បាំងនេះ ត្រូវគេចាត់ទុកថាជាការបំបែរអារម្មណ៍ពីការរិះគន់របស់សាធារណមតិ ដើម្បីបង្ហាញថារុស្ស៊ីនៅតែមានឥទ្ធិពលលើអាវុធ និងការធ្វើសង្គ្រាមប្រឆាំងទប់ទល់នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបើទោះបីជាព្យាយាមផ្តល់អាវុធទំនើបយ៉ាងណាដល់អ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ីលើសមរភូមិក៏ដោយ។ តាមពិតរុស្ស៊ីមិនបាននៅស្ងៀមឡើយក្រោយការវាយប្រហារសម្លាប់ទាហានរបស់ខ្លួនក្នុងក្រុង Makiivka នោះ។

ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា គេបានវាយប្រហារដាក់លើតំបន់ដូណេតស៍នោះវិញ ដោយបានកម្ទេចមជ្ឈមណ្ឌលកំសាន្តជិះស្គីដើរលើទឹកកក។ រុស្ស៊ីបាននិយាយទៀតថា ក្នុងការវាយប្រហារពេលនោះ គេបានកម្ទេចអាវុធ HIMARS របស់សត្រូវ ចំនួន២គ្រឿងថែមទៀត ប៉ុន្តែអ៊ុយក្រែនបានថ្លែងថាការវាយប្រហាររបស់រុស្ស៊ីនោះ បានប៉ះចំតែលើគោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងលើប្រជាជនតែប៉ុណ្ណោះ។ អ៊ុយក្រែនបាន ថ្លែងថាការវាយប្រហារនោះ បានធ្វើឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស និងអគារស្នាក់នៅរបស់ពលរដ្ឋចំនួន២០ត្រូវបានខូចខាត។ រុស្ស៊ីកន្លងមកនេះ បានប្រើប្រាស់នូវអាវុធរបស់ខ្លួនជាច្រើនរួមទាំងដ្រូនអត្តឃាតផងដែរ ក្នុងការវាយប្រហារលើបណ្តាក្រុងនៃប្រទេសអ៊ុយក្រែន ជាពិសេសក្រុងគៀវ ប៉ុន្តែអាវុធមីស៊ីលនិង ដ្រូនភាគច្រើនត្រូវបានប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនបាញ់ស្កាត់ទម្លាក់។ ទោះជាយ៉ាង ណាក៏ដោយរុស្ស៊ីនៅមិនទាន់បានប្រើប្រាស់មីស៊ីលលឿនជាងសម្លេង Hypersonic Cruise Missiles នេះឡើយ។

Hypersonic Missiles គឺជាអាវុធដែលធ្វើដំណើរលឿនជាង៥ដងនៃល្បឿននិងសម្លេង។ មន្ត្រីជំនាញយោធាបានថ្លែងថា មីស៊ីលនោះរត់បានលឿនដល់ ៣គីឡូម៉ែត្រ ក្នុងមួយវិនាទី ដែលជាល្បឿនលឿនបំផុតដែលប្រព័ន្ធការពារអាកាស នឹងអាចពិបាកបាញ់ទម្លាក់បើសិនជាប្រើប្រាស់ក្នុងការវាយប្រហារដាក់លើបណ្តាក្រុងអ៊ុយក្រែនមែននោះ។ ប្រទេសរុស្ស៊ីបានធ្វើតេស្តអាវុធ Zircon នេះច្រើនដង និងកាលពីឆ្នាំទៅបានធ្វើតេស្តជាបន្ថែមទៀតដោយការបាញ់ចេញពីកប៉ាល់ចម្បាំង និងពីនាវាមុជទឹក គ្រាដែលមានការប្រជែងគ្នាខ្លាំងលើការអភិវឌ្ឍន៍មីស៊ីលលឿនជាងសម្លេងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានថ្លែងនៅក្នុងពិធីដាក់ពង្រាយនាវាចម្បាំង Admiral Gorshkov ថាបេសកកម្មកងនាវាចម្បាំងបំពាក់មីស៊ីលលឿនជាងសម្លេងនេះ គឺប្រឆាំងនឹងការគំរាមកំហែងនានាដាក់មកលើរុស្ស៊ីនិងគាំទ្រសន្តិភាព ស្ថិរភាពតំបន់ជាមួយនឹងបណ្តាប្រទេសជាមិត្ត។ លោក Sergei Shoigu បានថ្លែងថា មីស៊ីល Zircon មានសមត្ថភាពវាយប្រហារលើគោលដៅខ្លាំងក្លា និងច្បាស់លាស់ប្រឆាំងសត្រូវលើដែនសមុទ្ទ។ លោកបានបន្ថែមថាការដាក់មីស៊ីល Zircon លើនាវាចម្បាំងនេះទៀត គឺអាចឈ្នះលើប្រព័ន្ធការពារអាកាសនានា និងមីស៊ីលនេះអាចបាញ់ឆ្ងាយដល់ជាង ១ពាន់គីឡូម៉ែត្រ។ ខណៈដែលមានការបំពាក់មីស៊ីល Zircon ដល់កងកម្លាំងជើងទឹក ក្រុមប្រទេសលោកខាងលិចត្រូវគេរាយការណ៍ថា ក៏គ្រោងបំពាក់អាវុធថ្មីថែមទៀតដល់អ៊ុយក្រែនផងដែរ។

ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងថា លោកនឹងបញ្ជួនរថក្រោះAMX-10RC ទៅឱ្យអ៊ុយក្រែន។ ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា គេកំពុងពិចារណាលើការបញ្ជួនរថក្រោះ Bradely Fighting Vehicles ដល់អ៊ុយក្រែនជាបន្ថែមទៀតដើម្បីប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី។ ឆ្នាំ២០២៣នេះ ត្រូវគេរំពឹងថានឹងក្លាយជាឆ្នាំដែលការធ្វើសង្គ្រាមនឹងត្រូវបញ្ចប់។ មេដឹកនាំអ៊ុយក្រែនបានថ្លែងក្នុងសារឆ្នាំថ្មីសកលប្តេជ្ញារកជ័យជំនះ ខណៈដែលមេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក៏បានធ្វើសារប្តេជ្ញារកជ័យជំនះលើអ៊ុយក្រែននៅក្នុងឆ្នាំ២០២៣នេះផងដែរ។ តើអ្នកឈ្នះ ពិតប្រាកដនោះ គឺជាប្រទេសរុស្ស៊ី ឬប្រទេសអ៊ុយក្រែន?៕