(វ៉ាស៉ីនតោន)៖ អតីតម្ចាស់អាជីវកម្មរៀបចំពិធីបុណ្យសព នៅក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ពីបទឆបោកសាច់ញាតិ របស់អ្នកស្លាប់ដោយការកាត់សាកសពមនុស្សចំនួន ៥៦០នាក់ និងលក់សរីរាង្គសាកសពដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

លោកស្រី មេហ្កាន ហេសស៍ (Megan Hess) អាយុ៤៦ឆ្នាំ​បាន​សារភាព​កំហុស​ពី​បទ​ឆបោក​កាលពី​អំឡុងខែកក្កដា​ ឆ្នាំ២០២២។ លោកស្រីបានដំណើរការអាជីវកម្ម រៀបចំពិធីបុណ្យសពមួយ ឈ្មោះ សាន់សេត មេសា (Sunset Mesa) និងកន្លែងទុកសរីរាង្គមួយឈ្មោះ ដុនន័រ សឺវីស (Donor Services) ក្នុងអគារតែមួយ នៅតំបន់មុនត្រូស (Montrose) នៃរដ្ឋខូឡូរ៉ាដូ។ ការជាប់ឃុំរយៈពេល ២០ឆ្នាំគឺជាទោសអតិបរមាដែលត្រូវបានអនុញ្ញាតនៅក្រោមច្បាប់។ រីឯ ម្តាយរបស់លោកស្រីអាយុ ៦៩ឆ្នាំ ឈ្មោះ សឺលី ខចស៍ (Shirley Koch) ក៏បានត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំផងដែរ ដោយកំណត់ត្រារបស់តុលាការបង្ហាញថាតួនាទីរបស់លោកស្រី ខចស៍ គឺកាត់សាកសព។

រដ្ឋអាជ្ញាអាមេរិក លោក ធីម ណេហ្វ (Tim Neff) បាននិយាយនៅក្នុងឯកសារតុលាការយ៉ាងដូច្នេះថា «ជនជាប់ចោទទាំងពីរ បានប្រើប្រាស់អាជីវកម្មបុណ្យសពរបស់ពួកគេដើម្បីលួច សាកសព និងសរីរាង្គ ដោយប្រើទម្រង់បរិច្ចាគក្លែងក្លាយ។ ការប្រព្រឹត្តរបស់អ្នកទាំងពីរ បានបង្កការឈឺចាប់ផ្លូវចិត្តយ៉ាងសម្បើមសម្រាប់គ្រួសារ និងញាតិសន្តានរបស់សាកសព»

គួរបញ្ជាក់ថា វាជារឿងខុសច្បាប់នៅសហរដ្ឋអាមេរិក សម្រាប់ការលក់សរីរាង្គ ដូចជាបេះដូង តម្រងនោម និងខួរឆ្អឹង។ ផ្នែកនៃសរីរាង្គទាំងនេះត្រូវការ ការបរិច្ចាគ។ ប៉ុន្តែការលក់ផ្នែករាងកាយដូចជាក្បាល ដៃ និងឆ្អឹងខ្នង ដូចដែលអ្វីដូចករណីខាងលើនេះ សម្រាប់ប្រើប្រាស់ក្នុងការស្រាវជ្រាវ ឬការអប់រំ មិនស្ថិតក្រោមច្បាប់របស់សហព័ន្ធនោះទេ តែស្ថិតនៅក្រោមច្បាប់ដែលមានចែងនៅក្នុងរដ្ឋនីមួយៗ៕