(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានពីផលវិបាកចំពោះប្រទេសបារាំង បន្ទាប់ពីទស្សនាវដ្ដី ឆាលី អេបដូ (Charlie Hebdo) បានបោះពុម្ពរូបថ្លុកដែលពណ៌នា អំពីមេដឹកនាំកំពូលអ៉ីរ៉ង់ គឺលោក អាយ៉ាតុឡោះ អាលី ខាម៉េណៃ (Ayatollah Ali Khamenei) ដែលទីក្រុងតេហេរ៉ង់ចាត់ទុកថាជាការប្រមាថ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

ក្នុងការបោះពុម្ភផ្សាយប្រចាំសប្តាហ៍ ទស្សនាវដ្ដី ឆាលី អេបដូ បានបោះពុម្ពរូបថ្លុករាប់សិបក្បាលដែលសើចចំអកដល់ឥស្សរជនសាសនា និងនយោបាយជាន់ខ្ពស់របស់អ៉ីរ៉ង់ ដែលជាផ្នែកមួយនៃគាំទ្រដល់ក្រុមបាតុករអ៉ីរ៉ង់។

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក ហូសេន អាមៀ អាប់ដូឡាហ៉ីយ៉ាន (Hossein Amir-Abdollahian) បានសរសេរនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ទង្វើប្រមាថ និងគួរឱ្យស្អប់នៃទស្សនាវដ្ដីបារាំង ជាមួយការបោះពុម្ភផ្សាយនូវរូបភាពថ្លុកប្រឆាំងនឹងប្រមុខសាសនា និងនយោបាយ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ឬគ្មានការឆ្លើយតប ប្រកបដោយប្រសិទ្ធភាព ឬជាក់លាក់នោះទេ។ យើងនឹងមិនអនុញ្ញាតឲ្យរដ្ឋាភិបាលបារាំងដើរហួសពីព្រំដែនទេ។ ពួកគេពិតជាបានជ្រើសរើសផ្លូវខុស»។ យ៉ាងនេះក្តី លោក អាប់ដូឡាហ៉ីយ៉ាន មិនបានបញ្ជាក់ថាអ្វីជាផលវិបាក ដែលអ៉ីរ៉ង់នឹងឆ្លើយតបនោះទេ។

គួរបញ្ជាក់ថា រូបថ្លុកត្រូវបានក្រុមអ្នកគាំទ្រចាត់ទុកថាជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែអ្នករិះគន់បានចាត់ទុកថាជាការបង្កហេតុដោយគ្មានភាពចាំបាច់ របស់ទស្សនាវដ្តី Charlie Hebdo ដែលបានបង្កឲ្យមានភាពចម្រូងចម្រាសសូម្បីតែនៅក្នុងប្រទេសបារាំងក៏ដោយ៕