(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កំពុងស្វែងរកមធ្យោបាយរឹតត្បិតលើការផលិតយន្ដហោះដ្រូនរបស់អ៉ីរ៉ង់ តាមរយៈការដាក់ទណ្ឌកម្ម និងការគ្រប់គ្រងលើការនាំចេញ ខណៈរុស្ស៉ីបន្ត ប្រើយន្ដហោះដ្រូនផលិតដោយអ៉ីរ៉ង់វាយប្រហារបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។​

អ្នកនាំពាក្យសេតវិមានលោកស្រី អាឌ្រីយ៉ែន វ៉ាត់សុន (Adrienne Watson) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា «យើងកំពុងវាយតម្លៃពី ជំហានបន្ទាប់ដែលយើងអាចនឹងដើរតាម សំដៅគ្រប់គ្រងលើការនាំចេញដើម្បីរឹតត្បិតមិនឱ្យអ៉ីរ៉ង់ ទទួលបានបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅក្នុងយន្ដហោះដ្រូន»។ លោកស្រី បន្ថែមថាសហរដ្ឋអាមេរិក ក៏បានពិភាក្សាផងដែរជាមួយបណ្ដាក្រុមហ៊ុនឯកជនមួយចំនួន ដែលបរិក្ខាររបស់ពួកគេកំពុងត្រូវបានប្រើនៅក្នុងការផលិតយន្ដហោះដ្រូនរបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានព្រមាន និងដាក់ទណ្ឌកម្មរួចហើយលើបណ្ដាក្រុមហ៊ុន ឬបុគ្គលទាំងឡាយណាដែលត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការផលិត និងការ ផ្គត់ផ្គង់យន្ដហោះដ្រួនផលិតដោយអ៉ីរ៉ង់ ទៅឱ្យរុស្ស៉ីប្រើក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន៕