(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនកំពុងត្រូវបានពិចារណា ដើម្បីជួយដល់ទីក្រុងកៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

រថពាសដែកប្រយុទ្ធ Bradley ដែលបំពាក់ទៅដោយកាំភ្លើងធន់ធ្ងន់ប្រភេទនេះ ត្រូវបានកងទ័ពអាមេរិកប្រើសម្រាប់ដឹកទាហានចល័តនៅក្នុងសមរភូមិ ចាប់តាំងពីពាក់កណ្តាល ទសវត្សរ៍ឆ្នាំ១៩៨០មក។ កងទ័ពអាមេរិកមានរថពាសដែក Bradley រាប់ពាន់គ្រឿង ដែលអាចផ្តល់ឲ្យអ៊ុយក្រែនមានអាវុធទំនើប និងកម្លាំងប្រយុទ្ធបន្ថែមទៀតនៅលើសមរភូមិ។

នៅពេលត្រូវបានសួរថាតើការបញ្ជូនរថពាសដែកប្រយុទ្ធ Bradley ទៅកាន់អ៊ុយក្រែនស្ថិតក្នុងជម្រើសដែលត្រូវពិចារណា ដែឬទេ? លោក បៃដិន ឆ្លើយថា «ជាការពិតណាស់»។ ចំណាត់ការថ្មីរបស់លោក បៃដិន គឺដើម្បីជំនួសការផ្តល់រថក្រោះ Abrams ដែលអ៊ុយក្រែនកំពុងស្នើសុំ។ យ៉ាងនេះក្តី គេក៏នៅមិនទាន់ដឹងច្បាស់ថាតើមានរថពាសដែក Bradley ប៉ុន្មានគ្រឿងនឹងត្រូវបញ្ជូនឱ្យអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយអាវុធបន្ថែម ដែលអាចត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានបញ្ជូនជំនួយយោធាប្រមាណ ២១.៣ពាន់លានដុល្លារ ទៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីចុងខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់សភាអាមេរិកថា ជំនួយរាប់សិបពាន់លានដុល្លារដែលខ្លួនបានអនុម័ត ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំង នឹងរុស្ស៊ី មិនមែនជាជំនួយសប្បុរសធម៌ទេ ប៉ុន្តែជាការវិនិយោគលើសន្តិសុខពិភពលោក៕