(ប៉ារីស)៖ វិមានប្រធានាធិបតីបារាំង នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាបារាំងអាចនឹងកា្លយជាប្រទេសលោកខាងលិចដំបូងគេបំផុត ដែលនឹងបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន បន្ទាប់ពីមានកិច្ចសន្ទនារវាងលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មនុស្សជំនិតម្នាក់របស់លោកម៉ាក្រុង បានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី (ម៉ាក្រុង) មានបំណងបង្កើនការផ្ដល់ ជំនួយឱ្យអ៊ុយក្រែន ដោយទទួលយកសំណើបញ្ជូនរថក្រោះធុនស្រាល AMX-10 RC ហើយដែលនេះនឹងក្លាយជាលើកដំបូងបំផុតដែលរថក្រោះផលិតដោយលោកខាងលិច នឹងត្រូវបានបញ្ជូនឱ្យអ៊ុយក្រែន»។ ប៉ុន្តែ មន្ត្រីបារាំងរូបនេះដដែលមិនបានបញ្ជាក់ថាតើនឹងមានរថក្រោះ AMX-10 RC ចំនួនប៉ុន្មានគ្រឿងដែលស្ថិតនៅក្នុងគម្រោងបញ្ជូនឱ្យ អ៊ុយក្រែន នោះទេ។

គួរបញ្ជាក់ថា រថក្រោះធុនស្រាល AMX-10 RC ត្រូវបានបារាំងដាក់ឱ្យប្រើប្រាស់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ហើយបច្ចុប្បន្នរថក្រោះប្រភេទក៏កំពុងត្រូវបានដាក់ឱ្យចូលនិវត្តន៍ ជាដំណាក់កាលផងដែរ។ ប៉ុន្តែ ផែនការបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន នឹងក្លាយជាការផ្លាស់ប្ដូរមួយដ៏ធំនៅក្នុងការគាំទ្រផ្នែកយោធារបស់បារាំងដល់អ៊ុយក្រែន ខណៈកន្លងមក លោក ម៉ាក្រុង បារម្ភយ៉ាងខ្លាំងពីការធ្វើឱ្យរុស្ស៉ីខឹង និងការផ្ដាច់ទំនាក់ទំនងការទូតពីសំណាក់លោក ពូទីន។ ការបញ្ជូនរថក្រោះ យន្ដហោះចម្បាំង ឬមីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានរុស្ស៉ី ចាត់ទុកថាជាសកម្មភាពបង្កហេតុដែលអាចនឹងនាំឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៉ី និង NATO៕