(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានដាក់ពង្រាយនាវាចម្បាំងមួយគ្រឿងប្រដាប់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក និងឥណ្ឌា ជាការបង្ហាញសាច់ដុំ ខណៈសង្រ្គាមនៅអ៊ុយក្រែនបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមករា ឆ្នាំ២០២៣។

លោក ពូទីន បានប្រកាសដាក់ឱ្យប្រើប្រាស់នាវាចម្បាំងឈ្មោះ អែដមៀរ៉ល ហ្គ័សកូវ (Admiral Gorshkov) នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯពិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអខុនហ្វេរិន ហើយ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) និងលោក អ៉ីហ្គ័រ ក្រូម៉ាល់ (Igor Krokhmal) ដែលជាមេបញ្ជាការនាវាចម្បាំងនេះក៏បានចូលរួមក្នុងពិធីនេះដែរ។

ថ្លែងនៅមុនប្រកាសដាក់ឱ្យប្រើនាវាចម្បាំង Admiral Gorshkov លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំងនេះមានបំពាក់ដោយប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីចុងក្រោយ ហ្សៀរខន (Zircon) ដែលគ្មានគូបៀប។ ខ្ញុំសូមឱ្យក្រុមនាវិក...ទទួលបានជោគជ័យនៅក្នុងការបំពេញតួនាទីដើម្បីផលប្រយោជន៍ជាតិ»

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ នាវាចម្បាំង Admiral Gorshkov នឹងធ្វើដំណើរឆ្ពោះទៅកាន់មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌា ព្រមទាំងសមុទ្រ មេឌីទែររ៉ាណេ៕