(វ៉ាស៊ីនតោន)៖ ប្រមុខថាមពលនុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែនបាននិយាយថា អ៊ុយក្រែនចង់ឱ្យអង្គការសហប្រជាជាតិ បញ្ជូនកងរក្សាសន្តិភាពទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទោះបីជាមិនមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីបង្កើតតំបន់សុវត្ថិភាពនៅទីនោះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អ៊ុយក្រែនបានអំពាវនាវឲ្យមានកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តាំងពីខែកញ្ញាមកម្ល៉េះ។ ប៉ុន្តែការអត្ថាធិប្បាយនេះ គឺជាលើកទីមួយហើយ ដែលមន្ត្រីនុយក្លេអ៊ែរអ៊ុយក្រែន ស្នើជាសាធារណៈ។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជាស្ថានីយ៍ថាមពលដ៏ធំបំផុតរបស់អឺរ៉ុប បានទទួលរងនូវការបាញ់ផ្លោង និងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីគ្រោះមហន្តរាយវិទ្យុសកម្ម។ អ៊ុយក្រែន និងរុស្ស៊ី បន្ទោសគ្នាទៅវិញទៅមកចំពោះការទម្លាក់គ្រាប់បែកនេះ។

លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សង្ឃឹមថា នឹងមានការសម្រុះសម្រួលកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងអ៊ុយក្រែន លើតំបន់សុវត្ថិភាពនៅខែមករានេះ៕