(កៀវ)៖ យានដ្ឋាន​រថយន្ត​មួយ​ក្នុង​ទីក្រុងកៀវ កំពុង​ផ្តល់​ជីវិត​ទីពីរ​ដល់​រថយន្ត​ដែលខូចខាតដោយសារសង្គ្រាម ​ជា​យានជំនិះ​ត្រៀម​ប្រយុទ្ធ​សម្រាប់​យោធា​អ៊ុយក្រែន ដោយ​ព្យាយាម​បំពេញ​ការ​ខ្វះខាត ​ខណៈ​ដែល​សង្រ្គាម​ជាមួយ​រុស្ស៊ី​នៅតែ​បន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។

យានដ្ឋាននេះពីមុន មានឯកទេសខាងជួសជុលរថយន្តដែលប៉ះទង្គិច ប៉ុន្តែវាបានផ្លាស់ប្តូរបន្ទាប់ពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ហើយអ្នកស្ម័គ្រចិត្តបានឈានដល់ការកែឆ្នៃរថយន្តដែលខូចៗសម្រាប់កិច្ចការនានា រួមទាំងការដឹកជញ្ជូនសព្វាវុធ និងយន្តហោះដ្រូនឃ្លាំមើលជាដើម។

លោក Anton Senenko អ្នកស្ម័គ្រចិត្តម្នាក់ដែលសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះបានប្រាប់ AFP ថា «យើងមិនមែនជាប្រទេសអ្នកមានទេ ហើយរដ្ឋមិនអាចផ្តល់ឱ្យទាហានរបស់យើងទាំងអស់នូវរថពាសដែកកង់បួន ដូច្នេះរថយន្តភីកអាប់គឺជាជម្រើសល្អបំផុតដែលអាចដើរតួជំនួសបាន»

លោកបានបន្តថា ការងារជួសជុលអាចធ្វើឱ្យមានភាពខុសគ្នារវាងការរស់រានមានជីវិត និងការស្លាប់សម្រាប់ទាហាន ដែលកំពុងប្រតិបត្តិការនៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលការប្រយុទ្ធកំពុងប្រមូលផ្តុំនាពេលបច្ចុប្បន្ន៕