(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងរឹតបន្តឹងវិធានការត្រួតពិនិត្យព្រំដែន សម្រាប់អ្នកដំណើរមកពីប្រទេសចិន ចាប់ពីថ្ងៃអាទិត្យ (៨ មករា) ដើម្បីជាការឆ្លើយតបទៅនឹងការកើនឡើង នៃការឆ្លងក្នុងចំណោមអ្នកទេសចមកពីប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣។
លោក Kishida បាននិយាយកាលពីថ្ងៃពុធថា វិធានការបន្ថែមនឹងតម្រូវឱ្យធ្វើតេស្តអវិជ្ជមាន មុនពេលអ្នកដំណើរឡើងជើងហោះហើរត្រង់ពីប្រទេសចិន ដោយបង្កើនលើវិធានការដែលបានអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ។
លោកបានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិថា ប្រទេសជប៉ុននឹងបន្តស្នើសុំក្រុមហ៊ុនអាកាសចរណ៍ ឱ្យកំណត់ជើងហោះហើរបន្ថែមពីប្រទេសចិនផងដែរ។
លោកបានបន្ថែមថា ការសម្រេចចិត្តនេះបានធ្វើឡើង ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្តរកកូវីដ-១៩ លើអ្នកដំណើរមកពីប្រទេសចិនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ តួលេខរបស់ក្រសួងសុខាភិបាលជប៉ុនបង្ហាញថា អ្នកធ្វើដំណើរអន្តរជាតិចំនួន ៥៣នាក់ក្នុងចំណោម ៥៦នាក់ ដែលបានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩គឺមកពីប្រទេសចិន នៅពេលមកដល់អាកាសយានដ្ឋានកាលពីថ្ងៃអង្គារ៕