(ហាណូយ)៖ សារព័ត៌មានក្នុងស្រុក ដែលបានដកស្រង់សម្តីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិសរុបចំនួន ១,០៥៧ដងបានកើតឡើងនៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ ដែលបណ្តាលឱ្យមនុស្សចំនួន ១៧៥ នាក់បានស្លាប់ និងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​ នៅថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២២។

យោងតាមកាសែតក្នុងស្រុកវៀតណាម បានឲ្យដឹងថា គ្រោះមហន្តរាយនេះបានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ ១៩.៥ពាន់ពាន់លានដុង (៨២៥.៨៥លានដុល្លារ) កាលពីឆ្នាំមុន។

យោងតាមរដ្ឋបាលឧតុនិយម និងជលសាស្ត្រវៀតណាមបានឲ្យដឹងថា ប្រទេសនេះត្រូវបានគេព្យាករណ៍ថា ក្នុងឆ្នាំ២០២៣នេះនឹងមានព្យុះ និងទំនាបត្រូពិចតិចជាងមុន បើធៀបនឹងឆ្នាំ២០២២កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hwan បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយហានិភ័យ និងការខូចខាត អាជ្ញាធរគួរតែបង្កើតយុទ្ធសាស្ត្រសមស្រប និងផែនទីព្រមានជាមុន ក៏ដូចជាការអនុវត្តការការពារព្រៃឈើ និងគ្រប់គ្រងការវិនិយោគលើគម្រោងសំណង់ ដែលប្រែប្រួលអាកាសធាតុ៕