(អៅហ្កាឌូហ្គូ)៖ ក្រសួងការបរទេសបារាំង បានឲ្យដឹងថា ខ្លួនបានទទួលលិខិតមួយពីអាជ្ញាធររបស់ប្រទេសបួគីណាហ្វាសូ កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីស្នើសុំឲ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីនោះ ចាកចេញពីប្រទេសរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២២។

ការធ្វើបាតុកម្មតវ៉ាដោយក្រុមប្រឆាំងវត្តមានយោធារបស់ទីក្រុងប៉ារីស បានកើនឡើងខ្លាំងកាលពីឆ្នាំ២០២២ ដែលមួយផ្នែកបានផ្សារភ្ជាប់ទៅនឹង កត្តាអសមត្ថភាពរបស់បារាំង ក្នុងការដោះស្រាយបញ្ហាក្រុមប្រដាប់អាវុធ ដែលកំពុងរីករាលដាលឥទ្ធិពលរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះនៅម៉ាលី ដែលជាប្រទេសជិតខាងរបស់បួគីណាហ្វាសូ។

អ្នកនាំពាក្យរបស់ក្រសួងបារាំង បាននិយាយថា ខ្លួនបានទទួលលិខិតបែបនេះ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឬនិយាយពីរបៀបដែលខ្លួនឆ្លើយតបចំពោះសំណើរនេះ។ រីឯរដ្ឋាភិបាលបួគីណាហ្វាសូ បានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការ លើរបាយការណ៍ ដែលខ្លួនបានផ្ញើទៅកាន់ទីក្រុងប៉ារីសកាលពីខែមុននោះឡើយ។

យ៉ាងនេះក្តីគេនៅមិនទាន់ដឹងពីកន្លែង និងស្ថានភាពរបស់ឯកអគ្គរដ្ឋទូតបារាំង លោក ឡាក់ ហាលឡេត (Luc Hallade) នោះទេ ដោយស្ថានទូតបារាំងប្រចាំនៅទីក្រុងអៅហ្គាឌូហ្គូ (Ouagadougou) បដិសេធមិនធ្វើការអត្ថាធិប្បាយ។

គួរបញ្ជាក់ថា ការសម្រេចបណ្តេញចេញមន្រ្តីទូតបាំរាំងចេញពីប្រទេស គឺជាសញ្ញាបង្ហាញឲ្យឃើញពីភាពយ៉ាប់យ៉ឺនបន្ថែមទៀត នៅក្នុងទំនាក់ទំនងរវាងបួគីណាហ្វាសូ និងអតីតមេអាណានិគមរបស់ខ្លួន គឺបារាំងដែលរក្សាទំនាក់ទំនងរឹងមាំ ជាមួយអតីតអាណានិគមផ្សេងទៀត នៅអាហ្វ្រិកខាងលិច និងមានកងកម្លាំងពិសេសឈរជើងនៅទីនោះ៕