(ប៉េកាំង)៖ ក្រុមការងារយន្តការចម្រុះបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃក្រុមប្រឹក្សា កិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៣ ខែមករា។លោក Mi Feng អ្នកនាំពាក្យគណៈកម្មាធិការជាតិសុខាភិបាលចិនបានលើកឡើងថា ចាប់តាំងពីផ្ទុះជំងឺឆ្លងមក ក្នុងការព្យាបាលវេជ្ជសាស្រ្តជាក់ស្តែង ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នា នៃវិធីព្យាបាលតាមវេជ្ជសាស្រ្តចិនបុរាណនិងបស្ចិមប្រទេស និងយកចិត្តទុកដាក់ដូចគ្នាក្នុងការប្រើប្រាស់ ឱសថបុរាណចិននិងឱសថបស្ចិមប្រទេស ដើម្បីឱ្យឱសថបុរាណចិនដើរតួនាទីខាងឧត្តមភាព របស់ខ្លួនយ៉ាងពេញលេញ ដោយសម្រាំងចេញនូវ «ថ្នាំបីមុខ និងវេជ្ជបញ្ជាចំនួនបី» ដែលមានប្រសិទ្ធភាព ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អត្រាព្យាបាលជាសះស្បើយ កាត់បន្ថយអត្រាកើតជំងឺធ្ងន់និងអត្រាស្លាប់ និងជំរុញឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ។

នាពេលបច្ចុប្បន្ន ការងារសំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសចិនបានប្តូរពី «ការការពារការឆ្លងជំងឺ» ទៅជា «ការការពារសុខភាពនិងការបង្ការកុំឱ្យកើតមានជំងឺធ្ងន់»។ តំបន់ជនបទគឺជាតំបន់សំខាន់នៃការបង្ការនិងគ្រប់គ្រងជំងឺឆ្លង និងការធានាសេវាវេជ្ជសាស្រ្ត ហើយមនុស្សចាស់ ស្ត្រីមានផ្ទៃពោះ កុមារ និងអ្នកមានជំងឺរ៉ាំរ៉ៃគឺជាក្រុមមនុស្សសំខាន់ នៃការផ្តល់សេវាសុខាភិបាល។ យើងចាំបាច់ត្រូវតែដំណើរការប្រព័ន្ធបង្ការជំងឺឆ្លងឱ្យបានល្អ ដូចជាការផ្គត់ផ្គង់ថ្នាំ ការព្យាបាលជំងឺធ្ងន់ និងការការពារមនុស្សចាស់និងកុមារនៅតាមជនបទ៕

វិទ្យុមិត្តភាពកម្ពុជាចិន