(ប៉េកាំង)៖ បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងនៅដំណាច់ឆ្នាំ២០២២ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងសង្គមត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស សហគមន៍អន្តរជាតិបានសម្តែងការស្វាគមន៍ជាទូទៅ ដោយសម្គាល់ឃើញថា ប្រការនេះនឹងជំរុញយ៉ាងសកម្មដល់សេដ្ឋកិច្ចសកល។ ប៉ុន្តែ ប្រទេសមួយចំនួនដូចអាមេរិកជាដើម ដែលធ្លាប់ស្រែកឱ្យចិន «បើកទ្វារ» បច្ចុប្បន្ននេះ បែរជាប្រកាសថានឹងដាក់ចេញគោលនយោបាយ ដើម្បីដាក់កំហិតលើការចូលដែនរបស់អ្នកទេសចរណ៍ចិន ដោយយកលេសថា ស្ថានការណ៍រីករាលដាលនៃជំងឺឆ្លងក្នុងប្រទេសចិន «ប្រហែលនឹងកើតមានវីរុសបម្លែងថ្មី»

«គ្មានអត្ថន័យអីសោះ» នាពេលថ្មីៗកន្លងទៅនេះ កាសែត «The Washington Post» បានរិះគន់ដោយដកស្រង់ពាក្យសំដីរបស់អ្នកជំនាញ ផ្នែកជំងឺឆ្លងជាច្រើនរូបថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកនេះ «គ្មានវិទ្យាសាស្ត្រ មិនសមហេតុផល និងមានទិសដៅខុសឆ្គង»។ អ្នកវិភាគខ្លះបានវែកញែកថា នេះជាការសម្តែងឆាកល្ខោនជាសមូហភាព លើវិស័យនយោបាយរបស់ប្រទេសមួយចំនួនជាថ្មីម្តងទៀត ក្នុងន័យទម្លាក់កំហុសជំងឺឆ្លងទៅលើប្រទេសចិនម្តងទៀត ដើម្បីទប់ស្កាត់និងដាក់ឱ្យប្រទេសចិននៅឯកោ។

អ្នកផងទាំងពួងនៅចាំច្បាស់ថា ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសមួយចំនួនដូចជាអាមេរិកជាដើម កាន់អាកប្បកិរិយាដែលមានភាពបដិបក្ខគ្នា និងខុសឆ្គងចំពោះគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់ចិន ហើយជានិច្ចកាល តែងតែចាត់ទុកការបង្ការជំងឺឆ្លងជាសន្លឹកបៀនយោបាយ។ ខណៈប្រទេសចិនចាត់ប្រើគោលនយោបាយបង្ការជំងឺយ៉ាងតឹងរ៉ឹង ក្នុងន័យគាំពារយ៉ាងខ្លាំងនូវសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ប្រទេសអាមេរិកនិងអឺរ៉ុបមួយចំនួនបានចោទប្រកាន់ដោយផ្តេសផ្តាស ហើយតែងតែស្រែកថាឱ្យប្រទេសចិន «បើកទ្វារ» បើពុំនោះសោត គឺគ្មានសេរីភាពនិងសិទ្ធិមនុស្ស។

ប៉ុន្តែបន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លងដោយយោងតាមបម្រែបម្រួលនៃស្ថានភាពជំងឺឆ្លងក្នុងស្រុក អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួនរបស់លោកខាងលិច បែរជាចាប់ផ្តើមឃោសនាបំប៉ោងថា ស្ថានភាពជំងឺឆ្លងរបស់ចិននឹង «គំរាមកំហែង» ដល់ការបង្ការជំងឺឆ្លងរបស់ប្រទេសដទៃទៀត ព្រមទាំងបានដាក់ចេញគោលនយោបាយរឹតត្បិតការចូលដែន ដែលបានល្មើសនឹងការពិតជាក់ស្តែងនិងវិទ្យាសាស្ត្រ។ ទង្វើមានស្តង់ដារពីរបែបនេះ បង្កប់ទៅដោយពុតត្បុតយ៉ាងច្បាស់ក្រឡែត!

មើលទៅ ក្នុងឡូហ្ស៊ីកនយោបាយរបស់ជនជាតិអឺរ៉ុបនិងអាមេរិកមួយចំនួន មិនថាចិន «បើកទ្វារ» ឬក៏ «បិទទ្វារ» សុទ្ធតែមិនត្រូវទេ។ ការសម្តែងឆាកល្ខោនខាងនយោបាយដ៏អាក្រក់របស់ពួកគេ ប៉ុនប៉ងបង្កជាការបែកបាក់និងបដិបក្ខគ្នាជុំថ្មី ទង្វើនេះនឹងរារាំងយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ក្នុងការដើរចេញពីស្រមោលខ្មៅនៃជំងឺឆ្លងក្នុងពេលឆាប់ៗ។

បច្ចុប្បន្ននេះ ប្រទេសចិនស្ថិតក្នុងរយៈកាលកែសម្រួលគោលនយោបាយបង្ការជំងឺឆ្លង ពិតមែន តែបានប្រឈមនឹងភាពលំបាក និងការសាកល្បងមួយចំនួនក៏ដោយ ក៏ប៉ុន្តែស្ថានភាពបង្ការជំងឺឆ្លងជាទូទៅអាចគ្រប់គ្រងបាន សេដ្ឋកិច្ចនៃតំបន់នានាបានស្តារ ឡើងវិញយ៉ាងឆាប់រហ័ស។ ជាពិសេស ប្រទេសចិនបានដាក់ចេញវិធានការមួយចំនួន ក្នុងន័យផ្តល់ភាពងាយស្រួលដល់ការប្រាស្រ័យ ទាក់ទងឆ្លងដែនរវាងបុគ្គលិកចិននិងបរទេស ដោយទទួលបានការស្វាគមន៍ពីសំណាក់ប្រទេសជាច្រើន។

«បីឆ្នាំហើយ ថៃបានរង់ចាំអ្នកទាំងអស់គ្នាបីឆ្នាំហើយ !» នាយកដ្ឋានទេសចរណ៍និងស្ថានទូតប្រចាំ នៅប្រទេសចិននៃប្រទេសជាច្រើនបាននាំគ្នា អញ្ចើញភ្ញៀវទេសចរណ៍ចិនតាមរយៈបណ្តាញទំនាក់ទំនងសង្គម microblog។ នេះជាសម្លេងរួមរបស់ពិភពលោក។ កលល្បិចចាស់ៗរបស់ប្រទេសមួយចំនួន ដែលប៉ុនប៉ងធ្វើឱ្យបញ្ហាបង្ការជំងឹ ឆ្លងក្លាយទៅជាបញ្ហានយោបាយ នឹងគ្មានអ្នកណាគាំទ្រនោះទេ ពិភពលោករំពឹងទុកកម្លាំងកាន់តែខ្លាំងឡើង ដើម្បីសាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ៕

វិទ្យុមិត្តភាពកម្ពុជាចិន