(ប្រាស៉ីលីយ៉ា)៖ ប្រភពពីមន្រ្តីប្រេស៉ីលម្នាក់ បានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) នឹងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ទៅកាន់អាហ្សង់ទីននៅចុងខែមករានេះ មុនការធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ចិន និងព័រទុយហ្កាល់ ជាបន្តបន្ទាប់ទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។
លោក លូឡា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសហគមរដ្ឋតំបន់អាមេរិកឡាទីន និងតំបន់សមុទ្រការីបង់ ហៅកាត់ថា Celac នៅថ្ងៃទី២៣-២៤ ខែមករា ក្នុងរដ្ឋធានីប៊ុយណូស៊ែរនៃប្រទេសអាហ្សង់ទីន។ បន្ទាប់មក មេដឹកនាំប្រេស៉ីលវ័យ៧៧ឆ្នាំរូបនេះ ដែលទើបតែឡើងកាន់តំណែងជាលើកទី៣ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងវ៉ាស៉ីនតោន ក្នុងដំណើរទស្សនកិច្ចមួយ ដែលពុំទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នៅឡើយ។
ចំណែកការបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រេស៉ីល នឹងកើតមានឡើងនៅក្រោយខែមីនា។ នាថ្ងៃពុធនេះ ក្រសួងការបរទេសចិនបានចេញមុខ ទទួលស្គាល់ការអញ្ជើញលោក លូឡា ឱ្យទៅធ្វើទស្សនកិច្ច ប៉ុន្តែក៏មិនបានផ្តល់ កាលបរិច្ឆេទជាក់លាក់ដែរ ដោយត្រឹមថាអាចនៅពេលវេលាសមស្របមួយ សម្រាប់ភាគីទាំងពីរ។ មន្រ្តីជាន់ខ្ពស់ចិន លោក វ៉ាង ឈីសាន (Wang Qishan) បានចូលរួមពិធីស្បថចូលកាន់តំណែងកាលពីថ្ងៃអាទិត្យរបស់លោក លូឡា។
គួរបញ្ជាក់ថា លោក លូឡា ដាស៉ីលវ៉ា ក៏នឹងបំពេញទស្សនកិច្ចទៅកាន់ព័រទុយហ្កាល់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសាផងដែរ។ លោកធ្លាប់ដឹកនាំប្រទេសប្រេស៉ីល២លើករួចមកហើយ កាលពីចន្លោះឆ្នាំ២០០៣-២០១០៕