(ម៉ានីល)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរហ្វីលីពីន ក្នុងការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន នៅក្រោមរដ្ឋាភិបាលប្រធានាធិបតីលោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) គឺកំពុងតែជួបប្រទះឧបសគ្គ ដោយសារតែការជាប់ពាក់ព័ន្ធរបស់ ក្រុមមន្រ្តីប៉ូលិសជាន់ខ្ពស់មួយចំនួន ក្នុងអំពើជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

លោក បេនចាមីន អាបាឡូស (Benjamin Abalos) ដែលជារដ្ឋមន្រ្តីមហាផ្ទៃហ្វីលីពីន បានអំពាវនាវឱ្យមានការដាក់ពាក្យលាលែង​ពីតំណែងដោយស្ម័គ្រចិត្ត ក្នុងចំណោមក្រុមមន្រ្តីប៉ូលិស ដែលមានឋានន្តរសក្តិ ចាប់ពីថ្នាក់វរសេនីយ៍ឯករហូតដល់ឧត្តមសេនីយ៍ ដើម្បីស្តារទំនុកចិត្តឡើងវិញក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ទាប់ពីពួកគេមួយចំនួន ជាប់សង្ស័យមានទំនាក់ទំនងក្នុង សកម្មភាពជួញដូរគ្រឿងញៀនផ្ទាល់។

បច្ចុប្បន្ន នៅក្នុងកងកម្លាំងប៉ូលិសសរុបប្រមាណ២២៧,០០០០នាក់ របស់ប្រទេសហ្វីលីពីន គឺមានមន្រ្តីថ្នាក់វរសេនីយ៍ឯករហូតដល់​ឧត្តមសេនីយ៍ចំនួនប្រហែល៣០០នាក់។​ ឆ្លើយតបការស្នើសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មាន លោក រេឌ្រីកូ ម៉ារ៉ាណាន (Redrico Maranan) ដែលមានឋានន្តរសក្តិជាវរសេនីយ៍ឯក និងជាប្រធានការិយាល័យព័ត៌មានសាធារណៈរបស់ប៉ូលិសហ្វីលីពីន បាននិយាយថា ក្រុមមន្រ្តីប៉ូលិសនឹងគោរពតាមការសម្រេចចិត្ត របស់ថ្នាក់ដឹកនាំនយោបាយ ព្រោះលោកជឿជាក់ថាទាំងនេះ គឺដើម្បីជា​​ប្រយោជន៍ល្អ សម្រាប់ស្ថាប័នប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចាប់តាំងពីលោក ម៉ាកូស ឡើងកាន់អំណាចកាលពីខែមិថុនា ឆ្នាំ២០២២មក អាជ្ញាធរហ្វីលីពីនបានបើកប្រតិបត្តិការ​ឆ្មក់បង្រ្កាប គ្រឿងញៀនសរុបជាង២៤,០០០ប្រតិបត្តិការ និងចាប់ខ្លួនមនុស្សប្រហែល៣០,០០០នាក់ ខណៈជនសង្ស័យមួយចំនួន ក៏ត្រូវបានសម្លាប់ផងដែរ។ ក្នុងរយៈពេល៦ខែចុងក្រោយ ហ្វីលីពីនរឹបអូសបានគ្រឿងញៀនប្រភេទម៉េតាំហ្វេតាមីន គិតជាទឹកប្រាក់ស្មើនឹង ១០ពាន់លានប៉េសូ ឬ១៧៨លានដុល្លារអាមេរិក៕