Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសដោះលែងអ្នកទោសជាង៧,០០០នាក់ អបអរខួបបុណ្យឯករាជ្យជាតិ (Video inside)

04-01-2023 16:22

(ណៃពិដោ)៖ នៅថ្ងៃពុធនេះ របបយោធាមីយ៉ាន់ម៉ាបានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសជាង ៧,០០០នាក់ ដើម្បីអបអរខួបទី៧៥ នៃការទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក ហ្សរ មិនទុន (Zaw Min Tun) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា សរុបជារួមអ្នកទោសចំនួន ៧,០១២នាក់នឹងត្រូវលើកលែងទោស ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា តើការដោះលែងនេះនឹងរួមមានអ្នកដែលជាប់ពន្ធនាគារ កំលុងការបង្រ្កាបរបស់យោធាលើក្រុមអ្នកប្រឆាំង ព្រមទាំងអ្នកទោសនយោបាយ ដែរឬយ៉ាងណាឡើយ។

ដោយឡែក បើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា MRTV គឺអ្នកទោសដែលជាប់ពិរុទ្ធមនុស្សឃាត រំលោភសេពសន្ថវៈ ឬត្រូវបានដាក់ពន្ធនាគារដោយសារបទល្មើសពាក់ព័ន្ធជាមួយ គ្រឿងផ្ទុះ សមាគមខុសច្បាប់ សព្វាវុធ គ្រឿងញៀន និងអំពើពុករលួយជាដើម នឹងពុំទទួលបានការដោះលែងឱ្យមានសេរីភាព ក្នុងការលើកលែងទោសទ្រង់ទ្រាយធំខាងលើនោះទេ។

គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំមុន របបយោធាមីយ៉ាន់ម៉ា ក៏បានដោះលែងអ្នកទោសប្រមាណ ៦,០០០នាក់ផងដែរ ក្នុងនោះរួម​មានទាំង អតីតអគ្គរាជទូតអង់គ្លេស អ្នកកាសែតជប៉ុន ហើយនិងសេដ្ឋវិទូជនជាតិអូស្រ្តាលីម្នាក់ ដែលជាអតីតទីប្រឹក្សារបស់លោកស្រី អោងសាន ស៊ូជី។ រដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១៕