(ម៉ិកស៉ីកូ)៖ ក្រសួងការពារជាតិម៉ិកស៊ិក បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានបញ្ជូនបុគ្គលិកយោធាចំនួន ២០០នាក់ ទៅកាន់ទីក្រុងហ័ររ៉េស (Juarez) ដែលនៅជាប់ព្រំប្រទល់ភាគខាងជើង ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម បន្ទាប់ពីការវាយប្រហារ នៅក្នុងពន្ធនាគារមួយកន្លែង ហើយនាំឲ្យអ្នកទោសរត់គេចខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

អាជ្ញាធរក៏បានបណ្តេញប្រធានពន្ធនាគារចេញផងដែរ ក្រោយអ្នកទោសយ៉ាងតិច៣០នាក់បានហែកគុករត់គេច។ រដ្ឋអាជ្ញារដ្ឋជីវ័រវ័រ (Chihuahua) បាននិយាយថា លោក អាឡេហ្សាន់ដ្រូ អាវ៉ារ៉ាដូ (Alejandro Alvarado) ប្រធានពន្ធនាគារហ័ររ៉េស ត្រូវបានបណ្តេញចេញហើយ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់តួនាទីរបស់លោក ជុំវិញករណីអ្នកទោសលួចរត់ រួមជាមួយនិងអ្នកផ្សេងទៀតផងដែរ។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មនុស្សចំនួន១៩នាក់ បានស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារពន្ធនាគារ ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងអេល ប៉ាសូ (El Paso) រដ្ឋតិចសាស់របស់អាមេរិក ដោយបានផ្តាច់ជីវិតឆ្មាំពន្ធនាគា និងអ្នកទោស ក៏ដូចជាបង្កឲ្យអ្នកទោសជាច្រើនទៀតរត់គេចខ្លួន ក្នុងនោះរួមមានមេក្លោងក្រុមជួញដូរគ្រឿងញៀន ដែលត្រូវបានគេស្គាល់ថាជាអេល ណេតូ (El Neto) ទៀតផង។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត ដោយពីអំពើហិង្សាក្នុងពន្ធនាគារ នៅប្រទេសម៉ិកស៊ិក នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕