(តៃប៉ិ)៖ អតីតអគ្គលេខាធិការអង្គការណាតូ (NATO) លោក អាន់ដឺស ហ្វូក រ៉ាសមូស្សិន (Anders Fogh Rasmussen) នៅថ្ងៃពុធនេះ បានព្រមានថា ក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវតែរួបរួមកម្លាំងគ្នាដើម្បីទប់ទល់ ការកើនឡើងនៃក្រុមប្រទេសដែលមិនមែនប្រជាធិបតេយ្យ កំលុងដំណើរបំពេញទស្សនកិច្ចរបស់លោក នៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។
លោក រ៉ាសមូស្សិន បានលើកឡើងដូចខាងលើ ក្នុងជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន។ អតីតប្រមុខ NATO រូបនេះ បាននិយាយដូច្នេះថា «ពួកយើងត្រូវតែពង្រឹងការប្រយុទ្ធរបស់យើងឱ្យកាន់តែរឹងមាំ ដើម្បីប្រឆាំងឬក៏ដើម្បីព្យាយាមទប់ទល់នឹងកើនឡើងនៃក្រុមមិនមែនប្រជាធិបតេយ្យ។ ក្រុមប្រទេសប្រជាធិបតេយ្យរបស់ពិភពលោក គឺតំណាងឱ្យ៦០ភាគរយនៃសេដ្ឋកិច្ចសកល។ ប្រសិនបើយើងធ្វើការរួមគ្នា នោះយើងនឹងតំណាងឱ្យកម្លាំងដ៏ខ្លាំងមហិមាមួយ ដែលនឹងបង្កើតឱ្យមានការគោរពទាំងនៅទីក្រុងប៉េកាំង ក៏ដូចជានៅរដ្ឋធានីនៃប្រទេសដទៃទៀត ដែលមិនប្រកាន់លទ្ធិប្រជាធិបតេយ្យ»។
ថ្លែងសំដៅចំពោះលោកស្រី សៃ ផ្ទាល់ លោក រ៉ាសមូស្សិន បានលើកឡើងថា តៃវ៉ាន់មានសិទ្ធិរស់នៅប្រកបដោយសេរីភាពនិងសុខសន្តិភាព ព្រមទាំងសិទ្ធិដើម្បីសម្រេចអំពីអនាគតដោយខ្លួនឯងផ្ទាល់។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់បានកើនឡើងខ្លាំង កាលពីឆ្នាំទៅមិញ បន្ទាប់ពីការបំពេញទស្សនកិច្ចដ៏ចម្រូសចម្រាស របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី កាលពីខែសីហា ដ្បិតទីក្រុងប៉េកាំងប្រឆាំងដាច់ខាត ចំពោះការធ្វើប្រាស្រ័យទាក់ទងផ្លូវការណាមួយរវាងប្រទេសដទៃ ជាមួយកោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកជាផ្នែកនៃដែនដីរបស់ប្រទេសចិន។
គួរបញ្ជាក់ថា លោក អាន់ដឺស ហ្វូក រ៉ាសមូស្សិន គឺជាអតីតនាយករដ្ឋមន្រ្តីដាណឺម៉ាក ដែលបានកាន់តំណែងជាអគ្គលេខាធិការរបស់ NATO ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤ ហើយក៏ជាស្ថាបនិកនៃអង្គការសម្ព័ន្ធភាពប្រជាធិបតេយ្យ Alliance of Democracies Foundation ផងដែរ។ អង្គការនេះដែលធ្លាប់អញ្ជើញលោកស្រី សៃ ឱ្យចូលរួមក្នុងសន្និសីទប្រជាធិបតេយ្យប្រចាំឆ្នាំរបស់ខ្លួន រយៈពេល៣ឆ្នាំជាប់ៗគ្នាតាំងតែពី២០២០មក គឺត្រូវបានទីក្រុងប៉េកាំងដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២១៕