(ម៉ិកស៉ីកូ)៖ ប្រធានាធិបតីម៉ិកស៉ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាឌ័រ (Manuel Lopez Obrador) កាលពីថ្ងៃអង្គារ បាននិយាយថា កំលុងកិច្ចប្រជុំកំពូលក្នុងតំបន់នៅសប្តាហ៍ក្រោយ រូបលោកនឹងទទូចឱ្យរដ្ឋាភិបាលអាមេរិក បញ្ចប់គោលនយោបាយ​ជ្រៀតជ្រែកនិយមរបស់ខ្លួន ហៅថា Monroe Doctrine ឬគោលលទ្ធិម៉ុនរ៉ូ ដែលទីក្រុងវ៉ាស៉ីនតោន បានអនុវត្តតាមអស់រយៈពេលខ្ទង់ ២០០ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ ក្រុមប្រទេសតំបន់អាមេរិកខាងជើង ដែលនឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយនេះ លោក Lopez Obrador នឹងត្រូវជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏ដូចជានាយករដ្ឋមន្រ្តីកាណដា លោក ចាន់ស្ទីន ទ្រូដូ (Justin Trudeau) ក្នុងរដ្ឋធានីម៉ិកស៉ីកូ។

នាឱកាសនោះ លោកប្រធានាធិបតីម៉ិកស៉ិក គ្រោងស្នើឱ្យលោក បៃដិន ផ្លាស់ប្តូរគោលនយោបាយជ្រៀតជ្រែកនិយមរបស់អាមេរិក ក្នុងកិច្ចការរបស់បណ្តាប្រទេសនានា នៅទូទាំងទ្វីបអាមេរិកខាងជើងនិងខាងត្បូង ដែលមានគោលដៅព្យាយាមគ្រប់គ្រងអឌ្ឍគោល​ខាងលិចរបស់ពិភពលោក។

លោក Lopez Obrador បានសង្កត់ធ្ងន់ថា «ត្រូវគោរពចំពោះស្វយ័តភាព និងសិទ្ធិសម្រេចជោគវាសនា​ខ្លួនឯងរបស់ប្រជាជននានា។ វាគឺជាការផ្លាស់ប្តូរដ៏មានសារសំខាន់បំផុត»។ លោកក៏មានបំណងស្នើឱ្យ ធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងតំបន់អាមេរិកខាងជើង ជាមួយតំបន់ដទៃទៀតនៅអឌ្ឍគោលខាងលិចផងដែរ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនិងដោះស្រាយបញ្ហាអន្តោប្រវេសន៍។

គួរបញ្ជាក់ថា គោលលទ្ធិម៉ុនរ៉ូ ត្រូវបានបង្កើតឡើងកាលពីដើមទសវត្សរ៍ឆ្នាំ១៨០០ ដោយអតីតប្រធានាធិបតីអាមេរិក លោក ជែមស៍ ម៉ុនរ៉ូ។ គោលលទ្ធិនោះកំណត់ថា សកម្មភាពជ្រៀតជ្រែកណាមួយដោយកម្លាំងខាងក្រៅ នៅក្នុងនយោបាយនៃបណ្តាប្រទេសនានា​ក្នុងតំបន់អាមេរិក គឺសុទ្ធតែអាចមានលទ្ធភាពបង្កការគំរាមកំហែងប្រឆាំងសហរដ្ឋអាមេរិក ខណៈគោលលទ្ធិនេះបានផ្តល់ហេតុផល សម្រាប់ឱ្យទីក្រុងវ៉ាស៉ីនតោន រក្សាឥទ្ធិពលគ្រប់គ្រងរបស់ខ្លួននៅតំបន់អាមេរិកឡាទីន៕