(កៀវ)៖ ការប្រើអាវុធ HIMARS របស់សហរដ្ឋអាមេរិក បាញ់សម្លាប់ទាហានរុស្ស៊ីក្នុងក្រុង Makiivka នៃខេត្តដូណេតស៍ បានបារម្ភថារុស្ស៊ីនឹងធ្វើការវាយសងសឹកវិញក្នុងទ្រង់ទ្រាយធំ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាចំនួនទាហានស្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រែនដោយ អាវុធ HIMARS លើអគារដែលមានទាហានរុស្ស៊ី ជួបជុំគ្នានាដំណាច់ឆ្នាំសកល២០២២កន្លងមកនេះ បានកើនដល់៨៩នាក់ហើយ ខណៈដែលអ៊ុយក្រែនថ្លែងថាតួលេខស្លាប់មានច្រើនដល់ ៤០០នាក់។
ក្រសួងការពារជាតិរុស្ស៊ី បានបង្កើនតួលេខទាហានរុស្ស៊ីស្លាប់ដល់ ៨៩នាក់ ពាក់ព័ន្ធនឹងការវាយប្រហាររបស់អ៊ុយក្រែនលើអគារមួយកន្លែង ដែលមានទាហានស្នាក់នៅក្នុងក្រុង Makiivka នៃខេត្តដូណេតស៍។ ក្រសួងការពារជាតិរុស្ស៊ីបានបន្ទោសថា ការវាយប្រហារដែលអាចនាំឱ្យសត្រូវបានដឹងអំពីទីកន្លែងនោះ គឺដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃដែលគេមិនបានអនុញ្ញាតឡើយ សម្រាប់កងកម្លាំងរុស្ស៊ីនោះ។ ការវាយប្រហារដាក់លើអគារដែលមានទាហានរុស្ស៊ីរស់នៅនោះ បានធ្វើឡើងតែប៉ុន្មាននាទីដំបូងនៃពេលទើបនឹងចូលឆ្នាំសកលថ្មី ឈានចូលថ្ងៃអាទិត្យ ទី១មករា ឆ្នាំ២០២៣ ដែលនៅទីនោះមានទាហានរុស្ស៊ីកំពុងប្រមូលផ្តុំ ជួបជុំគ្នារីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំសកលថ្មី។
ទាហានអ៊ុយក្រែនបានប្រកាសថា មានទាហានរុស្ស៊ីស្លាប់ច្រើនដល់៤០០នាក់ ប៉ុន្តែរុស្ស៊ីដំបូងបានថ្លែងថាការវាយប្រហារនោះ បានសម្លាប់ទាហានរុស្ស៊ី ៦៣នាក់ និងក្រោយមកនៅថ្ងៃពុធ ទី៤មករា បានបញ្ជាក់បន្ថែមថាតួលេខមនុស្សស្លាប់កើនដល់៨៩នាក់។ ការបាត់បង់ជីវិតនេះ ត្រូវបានពលរដ្ឋរុស្ស៊ីតាមកន្លែងមួយចំនួនជួបជុំគ្នាធ្វើពិធីកាន់ទុក្ខ។ នេះជាទិដ្ឋភាពមួយនៃការចូលរួមកាន់ទុក្ខរបស់ពលរដ្ឋរុស្ស៊ី ក្នុងក្រុង Samara ដែលក្នុងនោះ រួមមានទាំងក្រុមគ្រួសារដែលមានសាច់ញាតិរបស់ខ្លួនស្លាប់ក្នុងព្រឹត្តិការណ៍វាយប្រហាររបស់ អ៊ុយក្រែនដាក់លើទាហានរុស្ស៊ីដែលជួបជុំគ្នាប្រារព្ធបុណ្យដំណាច់ឆ្នាំសកលផងដែរ។
ឧត្តមសេនីយ៍ឯករុស្ស៊ីឈ្មោះ Sergey Sevryukov បានថ្លែងនៅថ្ងៃពុធ ទី៤មករា ថាគេទើបបានរកឃើញសាកសពទាហានរុស្ស៊ីបន្ថែមទៀត ក្រោមគំនរបែកបាក់អគារដែលរងការវាយប្រហារ ដោយអាវុធ HIMARS ផ្តល់ដោយសហរដ្ឋអាមេរិកចំពោះទាហានអ៊ុយក្រែន។ ឧត្តមសេនីយ៍ឯកដដែលនោះបានថ្លែង បន្ទោសចំពោះការប្រើប្រាស់ទូរស័ព្ទដោយទាហានរុស្ស៊ី ដែលប្រើប្រាស់ក្នុងពេលនោះ ដែលនាំឱ្យសត្រូវអាចចាប់ដឹងបាននូវទីតាំងកំពុងប្រមូលផ្តុំគ្នា។ អគារដែលរងការវាយប្រហារដោយអាវុធ HIMARS បាញ់ដោយទាហានអ៊ុយក្រែន គឺជាអតីតកន្លែងសាលាវិជ្ជាជីវៈមួយដែលក្រោយមក ត្រូវបានគេយកមកប្រើប្រាស់ជាកន្លែងប្រើប្រាស់របស់ទាហានរុស្ស៊ីវិញ។
ការដែលទាហានអ៊ុយក្រែនអាចវាយប្រហារដាក់លើទីតាំងទាហានរុស្ស៊ី និងបង្កការបំផ្លាញជីវិតទាហានថែមទៀតនេះបានបំផុសការខឹងក្នុងរង្វង់អ្នកស្នេហាជាតិរុស្ស៊ី និងមន្ត្រីសភារុស្ស៊ីមួយចំនួន។ ពួកគេបានដាក់សំណួរចោទលើយុទ្ធសាស្ត្រយោធានៃមេបញ្ជាការរបស់រុស្ស៊ី ដែលដឹកនាំការប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែននោះ។ អតីតមន្ត្រីសន្តិសុខសហព័ន្ធរុស្ស៊ី FSB លោក Igor Girkin បានសរសេរក្នុងប្រព័ន្ធតេឡេក្រាមនិយាយថា ឧបករណ៍យោធានិងគ្រាប់រំសេវបានរក្សាទុកក្នុងឃ្លាំងនៅអគារ ដែលមានទាហានរុស្ស៊ីស្ថិតក្នុងនោះ ដែលធ្វើឱ្យការផ្ទុះបានកើនឡើងកាន់តែខ្លាំងនាពេលនោះ។ លោក Igor Girkin បានបន្ទោសថា ការខូចខាតបាត់បង់នោះ គឺដោយសារតែឧត្តមសេនីយ៍យោធារុស្ស៊ីមិនបានហ្វឹក ហ្វឺន។
សមាជិកសភារុស្ស៊ីម្នាក់ឈ្មោះ Sergei Mironov បានទាមទាររកការដាក់ទោសលើមន្ត្រីយោធាដែលបានធ្វើការប្រមូលផ្តុំទាហានក្នុងអគារ ដែលមិនមានការការពារសុវត្ថិភាពឡើយ។
កំហឹងដែលខឹងលើឧត្តមសេនីយ៍យោធារុស្ស៊ី ត្រូវគេឃើញបានធ្វើផងដែរតាមពលរដ្ឋក្នុងបណ្តាញសង្គម។ ការសរសេររិះគន់តាមបណ្តាញសង្គមបានខឹងនឹងមេបញ្ជាការរុស្ស៊ី ដែលបានចេញបញ្ជាឱ្យការជួបជុំគ្នាក្នុងអគារគ្មានសុវត្ថិភាព ហើយរៀបចំពិធីបុណ្យដំណាច់ឆ្នាំសកលនោះ។ បណ្តាញសង្គមបានសរសេរថា ករណីនេះធ្លាប់បានកើតមានម្តងរួចទៅហើយ ប៉ុន្តែមេបញ្ជាការរបស់រុស្ស៊ីមិនព្រមទទួលយកនូវមេរៀនចាស់នោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថាអគារដែលមានទាហានរុស្ស៊ីកំពុង ស្ថិតក្នុងនោះបានរងនឹងការបាញ់ដោយអាវុធ HIMARS ចំនួន៤គ្រាប់។
ការវាយប្រហាររបស់អ៊ុយក្រែនដាក់លើអគារស្នាក់នៅទាហានរុស្ស៊ី ក្នុងដំណាច់ឆ្នាំសកល មិនបានកាត់បន្ថយការវាយប្រហាររបស់រុស្ស៊ីដាក់លើអ៊ុយក្រែនវិញនោះឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងលើការវាយប្រហារដាក់លើតំបន់ដូណេតស៍នោះវិញ ដែលក្នុងនោះការវាយប្រហារមួយបានកម្ទេចមជ្ឈមណ្ឌលកំសាន្តជិះស្គីដើរលើទឹកកក។ អ៊ុយក្រែនបាននិយាយ ថាការវាយប្រហារនោះបានធ្វើឱ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតបានរងរបួស និងអគារស្នាក់ នៅរបស់ពលរដ្ឋចំនួន២០ត្រូវបានខូចខាត។
សេចក្តីរាយការណ៍ពីភាគីរុស្ស៊ីវិញ បានថ្លែងថា ក្នុងការវាយប្រហារនោះ គេបានបាញ់កម្ទេចអាវុធ HIMARS ចំនួន២គ្រឿងដែលរុស្ស៊ីនិយាយថា គឺជាអាវុធដែលបានបាញ់ដាក់លើអគារស្នាក់នៅរបស់ទាហានរុស្ស៊ីជួបជុំគ្នាក្នុងដំណាច់ឆ្នាំសកលថ្មីៗនេះ។ ទាហានរុស្ស៊ីថែមទាំងបានអះអាងថា គេបានបំផ្លាញយានយន្តយោធាដែល ជាអំណោយរបស់ប្រទេសឆេកដល់អ៊ុយក្រែន និងថាបានកម្ទេចឃ្លាំងដាក់គ្រាប់អ៊ុយក្រែនថែមទៀត។ រុស្ស៊ីថែមទាំងបានអះអាងការសម្លាប់ទាហានអ៊ុយក្រែនបានច្រើនថែមទៀតប៉ុន្តែមិន មានប្រភពអព្យាក្រិត្យណាអាចបញ្ជាក់បន្ថែមបានឡើយ។ ពេលនេះរុស្ស៊ីនៅមិនទាន់បានធ្វើការវាយសងសឹកណាមួយតបតទៅវិញទេ ប៉ុន្តែមានការរំពឹង ថារុស្ស៊ីនឹងអាចធ្វើការវាយប្រហារដាក់លើអ៊ុយក្រែនវិញក្នុងពេលណាមួយខាងមុខនេះ។
លោក ហ្សេឡិនស្គី បានថ្លែងកាលពីថ្ងៃអង្គារ៍ ទី៣មករាថា រុស្ស៊ីនឹងអាចធ្វើការវាយប្រហារក្នុងទ្រង់ទ្រាយធំរបស់ខ្លួនវិញ។ លោកហ្សេឡិនស្គី បានថ្លែងថា អ៊ុយក្រែនបានត្រៀមចាំរួចជាស្រេច និងថាអ៊ុយក្រែននឹងធ្វើកិច្ចការរបស់ខ្លួនដើម្បីបង្អាក់សេណារីយ៉ូរបស់រុស្ស៊ីនេះវិញ។ លោកថា រាល់ការប៉ុនប៉ងវាយប្រហារណាមួយរបស់រុស្ស៊ីនឹងត្រូវបរាជ័យជាមិនខានឡើយ។ នៅជាមួយ គ្នានេះផងដែរ ទូរទស្សន៍ជាតិអ៊ុយក្រែនបានប្រកាសការប្រុងប្រយ័ត្នការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីតាមរយៈការប្រើដ្រូន។ ទូរទស្សន៍អ៊ុយក្រែនបានផ្សាយនៅថ្ងៃ ទី៤មករាថា គេបានត្រៀមរួចជាស្រេចក្នុងការចាំបាញ់ទម្លាក់ដ្រូន។
ទូរទស្សន៍អ៊ុយក្រែនបញ្ជាក់ថា ក្នុងរយៈ ពេលតែ២ថ្ងៃ គឺថ្ងៃទី៣០ និង៣១ធ្នូ គេបានបាញ់ទម្លាក់ដ្រូនចំនួន ៨៤គ្រឿងដោយប្រព័ន្ធការពារអាកាស។ ទូរទស្សន៍ដដែលនិយាយថា គិតចាប់តាំងពីមានការប្រើដ្រូន ថ្ងៃទី១១កញ្ញានោះមក អ៊ុយក្រែនបានបាញ់ទម្លាក់ដ្រូនដែលរុស្ស៊ីបានប្រើប្រាស់ចំនួន៥០០គ្រឿងហើយ។ ក្នុងប្រទេសរុស្ស៊ីនោះវិញ ពលរដ្ឋមួយចំនួនដែលគាំទ្រស្ត្រីដែលមានស្វាមីបានស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន បានអំពាវនាវឱ្យមេដឹកនាំរុស្ស៊ីលោកពូទីនដាក់បញ្ជាធ្វើការចល័តទ័ពក្នុងទ្រង់ទ្រាយធំច្រើនលាននាក់ ក្នុងចំណោមបុរសរុស្ស៊ីទាំងឡាយដើម្បីធានាយកជ័យជំនះលើអ៊ុយក្រែន៕