(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិកណាសា (NASA) បានប្រកាសឱ្យដឹងថា អតីតអវកាសយានិករបស់ខ្លួនគឺ លោក វ៉លធើ ខាន់នីងហាំ (Walter Cunningham) ដែលបានធ្វើដំណើរឡើងទីអវកាស ក្នុងបេសកកម្មអាប៉ូឡូទី៧ (Apollo 7) កាលពីឆ្នាំ១៩៦៨ ទើបតែបានទទួលមរណភាពនៅថ្ងៃអង្គារ ក្នុងវ័យ៩០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០២៣។

លោក ខាន់នីងហាំ បានចូលរួមជាមួយអវកាសយានិក២រូបទៀតគឺ លោក វ៉លធើ ឈៀរ៉ា (Walter Schirra) និងលោក ដូន អីស៉ីល (Donn Eisele) ក្នុងបេសកកម្មរយៈពេល១១ថ្ងៃនោះ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ នៅគន្លងអវកាសកម្រិតទាបរបស់ផែនដី ក្នុងនាមជាបេសកកម្មផ្ទុកមនុស្សសាកល្បងដំបូងបំផុត សម្រាប់យានអវកាសថ្មីនៃកម្មវិធី Apollo ដែលនឹងត្រូវដឹកអវកាសយានិក​ទៅកាន់ឋានព្រះចន្ទ។

គួរបញ្ជាក់ថា បេសកកម្ម Apollo 7 គឺជាការបន្តឡើងវិញនូវកម្មវិធីធ្វើដំណើរទៅកាន់ផ្ទៃព្រះចន្ទរបស់ NASA ខណៈជិត២ឆ្នាំមុន​ពេលនោះ គ្រោះអគ្គិភ័យដ៏អាក្រក់បានផ្តាច់ជិវិតសមាជិកទាំង៣នាក់ នៃបេសកកម្មអាប៉ូឡូទី១ (Apollo 1) កំលុងការហាត់សមមួយ កាលពីចុងខែមករា ឆ្នាំ១៩៦៧។ បន្ទាប់ពី Apollo 7 បេសកកម្មអាប៉ូឡូក្រោយៗនៅឆ្នាំបន្តបន្ទាប់ទៀត ក៏បានមើលឃើញអវកាសយានិកអាមេរិកសរុប ១២នាក់ ទៅជាន់ដល់លើផ្ទៃព្រះចន្ទ៕